កម្លាំងអាវុធហត្ថវ៉ៃខ្នោះជនដៃដល់២នាក់ចូលកាប់ និងចាក់សម្លាប់ មនុស្សដល់ក្នុងផ្ទះនៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ចំណោម៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថបង្ហាញមុខនាថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានចាប់ខ្លួនភ្លាម ក្រោយពេលធ្វើសកម្មភាព ចូលកាប់ និងចាក់សម្លាប់ មនុស្សដល់ក្នុងផ្ទះនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលផ្តើមចេញពីទំនាស់ពាក្យសំដីតូចតាចគ្មានភាពអត់ធ្មត់។

មន្ត្រីអាវុធហត្ថនិយាយថា មានករណីឃាតកម្មកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ និង០២នាក់ទៀតផ្សេងទៀតរងរបួសធ្ងន់ធ្ងរ បង្កឡើងដោយជនសង្ស័យ០៦នាក់ បានចូលទៅកាប់និងចាក់សម្លាប់ដល់ក្នុងផ្ទះ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មន្ត្រីដដែលបន្តថា ក្រោយពេលកើតហេតុភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រួមជាមួយកម្លាំងអន្តរាគមន៍ និង កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានបើកការស៊ើបអង្កេត ស្រាវជ្រាវប្រមាណ០២ម៉ោង ក៏ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងនោះ០២នាក់គឺជាជនដៃដល់ក្នុងចំណោម បក្ខពួក០៦នាក់ និងម្នាក់ទៀតត្រូវបានជនដៃដល់យកដាវទៅផ្ញើក្នុងបន្ទប់ នៅដីទំនរមួយកន្លែងដែលសង់ឱ្យកម្មករស្នាក់នៅជាប់ផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ដំបូងឡើយនៅយប់កើតហេតុ ក្រុមរបស់ពួកគេមានគ្នា០៦នាក់ បានបបួលគ្នាជិះម៉ូតូដើរលេងដោយមានដាក់ដាវនិងកាំបិតទៅជាមួយ ម្នាក់មួយដើមគ្រប់ដៃ។ លុះជិះដល់កន្លែងកើតហេតុ ពួកគេបានឃើញជនរងគ្រោះមួយក្រុមកំពុងផឹកស៊ីចាក់ធុងបាស់។

ជនសង្ស័យបន្តថា ពេលនោះពួកគេបានលើកដៃហ៊ោកញ្ច្រៀវ ស្រាប់តែមានជនរងគ្រោះម្នាក់បានស្រែកដាក់ពួកគេថា «ពួកហែងមើលអី? ហើយស្រែកអី ក្បាលមួយស្បែកជើងឥឡូវហើយ!»។ ភ្លាមនោះពួកគេទាំង០៦នាក់បានជិះហួសបន្តិច ក៏បានបត់ម៉ូតូត្រឡប់មកក្រោយវិញ ហើយសួរថា «អម្បាញ់មិញថាឱ្យពីណាគេ? »។

ជនសង្ស័យបន្តថា ពេលនោះជនរងគ្រោះម្នាក់ក៏បានស្រែកមកវិញថា «ចុះហែងចង់យ៉ាងម៉េច?» ក៏បង្កឱ្យមានជាទំនាស់ពាក្យសំដី ហើយពួកគេក៏បានទាញដាវដែលសៀតជាប់ជើងម្នាក់មួយដើមៗចេញមក ធ្វើសកម្មភាពកាប់ចាក់ទៅលើក្រុមជនរងគ្រោះតែម្តងទៅ។ 

ជនសង្ស័យដដែលបន្តទៀតថា ពេលនោះជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះ ពួកគេក៏ដេញតាម ទៅកាប់និងចាក់បន្ថែមដល់ក្នុងផ្ទះបណ្តាលឱ្យស្លាប់និងរបួស ហើយពួកគេក៏ឡើងជិះម៉ូតូចេញពីកន្លែងកើតហេតុតែម្តង។ ក្រោយមកពួកគេចូលដល់កន្លែងស្នាក់នៅបានប្រហែលមួយម៉ោង ក៏ស្រាប់តែមានសមត្ថកិច្ចបានតាមទៅដល់និងធ្វើការឡោមព័ន្ធចាប់ខ្លួនពួកគេទាំង០៣នាក់ រីឯអ្នកផ្សេងទៀតបានដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបាត់អស់។

ជាមួយគ្នានេះដែរ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមធ្វើការអំពាវនាវ ចំពោះសាធារណៈជនទាំងឡាយណា ដែលបានឃើញ ឬស្គាល់ ឬមានដំណឹង របស់ជនសង្ស័យ០៤នាក់ដែលបានរត់គេចខ្លួន មានឈ្មោះដូចខាងក្រោម ជនសង្ស័យទី១-ឈ្មោះ រិទ្ធ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ Rith Sky, ទី២-ឈ្មោះ ក្រឹម ដែលមានអាខោនហ្វេសប៊ុកឈ្មោះ បងរិត បងរិត, ទី៣-ឈ្មោះ រ៉ា ដែលមានអាខោនហ្វេសប៊ុកឈ្មោះ បងរ៉ា និងអាខោមួយទៀតឈ្មោះ Bro Raa និងទី៤-ឈ្មោះ មិត្ត ហៅអាបង ដែលមានអាខោនហ្វេសប៊ុកឈ្មោះ Fii Boy និងអាខោមួយទៀតឈ្មោះ Gk Co។

សូមបងប្អូនរាយការណ៍ មកកាន់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានទូរស័ព្ទលេខ 012 383 383/012 66 77 98 /017 81 81 71 ឬរាយការណ៍ទៅកាន់សមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត សមត្ថកិច្ចនឹងធានា រក្សាការសម្ងាត់ជូន៕


 

-->
adverise with khmeread