បុរសសិង្ហបុរីម្នាក់ចង់ចូលនិវត្តន៍ដេកចាយលុយ, ប្រកាសលក់រូបមន្តសម្ងាត់នៃចៃយ៉សាច់ជ្រូកគ្រឿងទេស៥មុខ ក្នុងតម្លៃ១លានដុល្លារ

តើបទពិសោធន៍ធ្វើចៃយ៉រាប់ទសវត្សរ៍មានតម្លៃប៉ុន្មាន? អាជីវករសិង្ហបុរីម្នាក់នេះមានអារម្មណ៍ថាមួយលានដុល្លារគឺជាតម្លៃសមរម្យសម្រាប់យីហោនិងរូបមន្តចៃយ៉សាច់ជ្រូកគ្រឿងទេស៥មុខ (Ngoh Hiang) អាយុកាល ៨០ ឆ្នាំរបស់គាត់។

អ្នកនិយមពិសាអាហារពេលល្ងាចនៅមណ្ឌលអាហារ Maxwell ដ៏អ៊ូអរ គឺស្គាល់ច្បាស់ណាស់នូវតូបអាហារឈ្មោះ China Street Fritters។ តូបនេះត្រូវបានរៀបចំឡើងដោយលោក Huang Guo Hua អាយុ ៦៤ ឆ្នាំ ដែលបានទទួលមរតកមុខរបរនេះពីឪពុករបស់គាត់កាលពី ២០ ឆ្នាំមុន។

ដោយមានការជួយជ្រោមជ្រែងពីភរិយានិងបងប្អូនរបស់គាត់ លោក Huang បានបម្រើចៃយ៉ស្រស់ឈ្ងុយឆ្ងាញ់ជាច្រើនឆ្នាំមកហើយ។ ទោះយ៉ាងណាមនុស្សគ្រប់គ្នាត្រូវការចូលនិវត្តន៍នៅថ្ងៃណាមួយហើយលោក Huang សង្ឃឹមថានឹងអាចបញ្ចប់អាជីពនេះនៅខែមីនាឆ្នាំ ២០២២ ។

ខណៈពេលដែលអ្នកគាំទ្រម្ហូបប្រពៃណីសិង្ហបុរីនេះអាចនឹងខូចចិត្តដោយសារដំណឹងនេះ វាអាចនៅមានក្តីសង្ឃឹមខ្លះសម្រាប់អាជីវកម្មនេះនៅបន្តរស់រាន ប៉ុន្តែត្រូវចំណាយថ្លៃបន្តិចហើយ គឺ១លានដុល្លារ។

មែនហើយនោះគឺជាចំនួនទឹកប្រាក់ដែលក្រុមគ្រួសារលោក Huang សង្ឃឹមលក់រូបមន្តសម្ងាត់របស់ពួកគេនិងយីហោតូប China Street Fritters។ ខណៈដែលលុយមួយលានដុល្លារមើលទៅដូចជាច្រើនសន្ធឹក លោក Huang ជឿជាក់យ៉ាងមុតមាំថា តម្លៃនេះគឺសមរម្យបំផុត។

លោកនិយាយថា "អស់រយៈពេលជាច្រើនឆ្នាំមកហើយយើងបានប្រមូលអតិថិជនទៀងទាត់ជាច្រើន។ ប្រសិនបើអ្នកស្នងតំណែងរក្សានូវស្តង់ដារម្ហូបអាហារដដែលបាន ខ្ញុំជឿថាគាត់អាចរកចំណូល១លានដុល្លារបានក្នុងរយៈពេលបីឆ្នាំ"។

គាត់ក៏ជឿដែរថា បើសិនអ្នកស្នងក្រោយៗចង់ពង្រីកមុខរបរ ហាងនេះនឹងរកស៊ីចំណេញកាក់កបណាស់។

គាត់សម្រេចចិត្តលក់រូបមន្តនេះគឺដោយសារវ័យកាន់តែចាស់ ហើយកូនៗទាំងបីមិនចង់ក្លាយជាអ្នកលក់ចៃយ៉នោះទេ៕ ប្រភព ៖ Asiaone

-->
adverise with khmeread