រដ្ឋមន្ត្រីការបរទេសស្រីលង្កានិយាយថាចិនអាចបន្តជួលកំពង់ផែបាន ១៩៨ ឆ្នាំ

រដ្ឋមន្រ្តីក្រសួងការបរទេសស្រីលង្កាបាននិយាយថាការជួលកំពង់ផែ Hambantota រយៈពេល ៩៩ ឆ្នាំឱ្យទៅចិនអាចបន្តបានរហូតដល់ ១៩៨ ឆ្នាំ ដោយហៅវាថាជា "កំហុស" ដែលបានសាងដោយរដ្ឋាភិបាលមុន បន្ទាប់ពីមានរបាយការណ៍ថា រដ្ឋាភិបាលក្រុងកូឡុំបូកំពុងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងកំពង់ផែដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៧ ដោយរដ្ឋាភិបាលស្រីលង្កាដើម្បីដោះស្រាយបំណុលរបស់ខ្លួនជាមួយចិនបានក្លាយជាប្រធានបទនៃការពិនិត្យពិច័យជាអន្តរជាតិ ចំពេលមានការចោទប្រកាន់ថាចិនប៉េកាំងកំពុងប្រើប្រាស់ "អន្ទាក់បំណុលការទូត" សម្រាប់ជាយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ។

ទីតាំងរបស់កំពង់ផែ Hambantota នៅចុងខាងត្បូងនៃប្រទេសស្រីលង្កាដែលជាផ្លូវសមុទ្រដ៏សំខាន់របស់អាស៊ីខាងត្បូង បានធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលសមុទ្រដ៏មានសក្តានុពលបំផុតនៅមហាសមុទ្រឥណ្ឌា។

ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ដែលជាប្អូនប្រុសរបស់អតីតប្រធានាធិបតីពីរអាណត្តិគឺលោក Mahinda Rajapaksa បានមានប្រសាសន៍ថាលោកចង់ចរចាឡើងវិញនូវកិច្ចព្រមព្រៀងជាមួយចិនភ្លាមៗ បន្ទាប់ពីលោកចូលកាន់តំណែងនៅចុងឆ្នាំ ២០១៩ ប៉ុន្តែក្រោយមកលោកបានបដិសេធថាលោកមិនមានផែនការបែបនោះទេ។

យ៉ាងណាមិញកាលពីថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ២០២១ប្រធានអាជ្ញាធរកំពង់ផែស្រីលង្កាបានប្រាប់សារព័ត៌មាន Ceylon Today ថាប្រធានាធិបតីកំពុងពិនិត្យមើលកិច្ចព្រមព្រៀងកំពង់ផែនេះឡើងវិញ។ ឧត្តមសេនីយ៍ Daya Ratnayake ក៏បាននិយាយផងដែរថាប្រទេសស្រីលង្កាមិនបានទទួលអ្វីច្រើនពីកិច្ចព្រមព្រៀងនេះទេ ហើយថាខ្លួនបានរើទីតាំងកងទ័ពជើងទឹករបស់ខ្លួនចេញពីតំបន់ដែលគ្រប់គ្រងដោយចិនបន្ទាប់ពីមានការពិភាក្សាជាច្រើនជាមួយមន្រ្តីចិន។

លោក Ratnayake ត្រូវបានដកស្រង់សម្តីថា "យើងកំពុងពិនិត្យឡើងវិញនូវសំណើនេះ។ វាជារឿងអកុសលហើយកិច្ចព្រមព្រៀងបែបនេះនៅកំពង់ផែ Hambantota មិនគួរត្រូវបានធ្វើទេ។ ប៉ុន្តែការពិនិត្យឡើងវិញកំពុងដំណើរការ" ។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Dinesh Gunawardena បានបន្ថែមភាពមិនប្រាកដប្រជាចំពោះកិច្ចព្រមព្រៀងនេះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយប្រាប់កាសែតដដែលថា "រដ្ឋាភិបាលមុនបានធ្វើខុសលើកិច្ចព្រមព្រៀងកំពង់ផែ Hambantota នៅពេលពួកគេលុបចោលកិច្ចសន្យាជួលនិងផ្តល់រយៈពេល ៩៩ ឆ្នាំបូកនឹង ៩៩ ឆ្នាំម្តងទៀតពេលកិច្ចព្រមព្រៀងទីមួយបានបញ្ចប់" ។

ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើរដ្ឋាភិបាលមានបំណងធ្វើការផ្លាស់ប្តូរកិច្ចព្រមព្រៀងឬយ៉ាងណានោះទេ៕ ប្រភព ៖ South China Morning Post


 

-->
adverise with khmeread