ចោរលួចឆ្កែមួយក្រុមបាញ់អ្នកបណ្តើរឆ្កែរបស់តារាចម្រៀង Lady Gaga របួស ហើយលួចឆ្គែពីក្បាលទៅបាត់ ឥឡូវនាងប្រកាសផ្តល់រង្វាន់ ៥០០.០០០ ដុល្លារសម្រាប់ការប្រគល់ឆ្កែពីរក្បាលដែលចោរលួចនោះ

ប្រភពដឹងពីបញ្ហានេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ខែកុម្ភៈថា តារាចម្រៀងប៉ុបនាង Lady Gaga នឹងផ្តល់រង្វាន់ជាទឹកប្រាក់ ៥០០.០០០ ដុល្លារសម្រាប់ការប្រគល់មកវិញនូវឆ្កែតឿពូជរបស់បារាំងឈ្មោះ Koji និង Gustav ដែលត្រូវចោរលួចនៅសង្កាត់ Hollywood បន្ទាប់ពីមានរបាយការណ៍ជាច្រើនថា អ្នកបណ្តើរឆ្កែរបស់នាងត្រូវគេបាញ់របួស។

Gaga ដែលការសម្តែងថ្មីៗរបស់នាងរួមមានទាំងការច្រៀងចម្រៀងជាតិនៅពិធីសម្ពោធកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden កាលពីខែមុន បានកំពុងស្ថិតនៅទីក្រុង Rome ថតខ្សែភាពយន្តមួយ។ សារព័ត៌មាន Daily Mail បានរាយការណ៍ថា ឆ្កែទាំង ៣ ក្បាលរបស់នាងកំពុងស្ថិតនៅសង្កាត់ Hollywood ។

Daily Mail និយាយថា អ្នកបណ្តើរឆ្កែរបស់ Gaga កំពុងបណ្តើរឆ្កែនៅល្ងាចថ្ងៃពុធនៅពេលដែលគាត់ត្រូវគេបាញ់របួស។ ឆ្កែទី ៣ ឈ្មោះ Miss Asia បានរត់គេចខ្លួន ហើយក្រោយមកត្រូវបានរកឃើញវិញ។

មន្ត្រីប៉ូលិសក្រុង Los Angeles លោក Drake Madison និយាយថា មិនយូរប៉ុន្មានមុនម៉ោង ១០ យប់ថ្ងៃពុធ ខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិបានបាញ់បុរសអាយុខ្ទង់ ៣០ ឆ្នាំនៅសង្កាត់ Hollywood ហើយរត់គេចខ្លួននៅក្នុងរថយន្តពណ៌សដោយលួចយកឆ្កែបារាំងពីរក្បាល។

ប៉ូលិសនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្រ្តីនៅមន្ទីរពន្លត់អគ្គីភ័យបាននាំជនរងគ្រោះទៅមន្ទីរពេទ្យក្នុងតំបន់ កន្លែងដែលគាត់ស្ថិតក្នុងសភាពធ្ងន់ធ្ងរដោយសារតែគ្រាប់កាំភ្លើង។

ប្រភពជិតស្និទ្ធនឹង Lady Gaga ដែលនិយាយក្នុងលក្ខខណ្ឌអនាមិក បាននិយាយថា តារាចម្រៀងរូបនេះកំពុងទទូចដល់អ្នកណាដែលមានឆ្កែនេះ ឱ្យទាក់ទងទៅអ៊ីម៉ែល [email protected] ដើម្បីប្រគល់សត្វឆ្កែមកវិញ និងមកយករង្វាន់ មិនបាច់សួរអ្វីទៀតឡើយ៕ 

-->
adverise with khmeread

អ្នកនឹងចូលចិត្ត