លោក Glen Johnson ជឿថា លោក Jurgen Klopp អាចនឹងត្រូវបណ្តេញចេញនៅរដូវកាលក្រោយ ប្រសិនបើលោកខកខានមិនបានកែប្រែស្ថានការណ៍ ប៉ុន្តែសង្ឃឹមថា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះនឹងធ្វើបានល្អជាមួយនឹងពេលវេលានៅសល់នៃរដូវកាលនេះ។
បច្ចុប្បន្ន ក្លឹប Liverpool ឈរនៅលេខរៀងទី៦ បន្ទាប់ពីរងបរាជ័យក្នុងបួនប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League ហើយបរាជ័យបីលើកកើតឡើងនៅពហុកីឡាដ្ឋាន Anfield ។
ក្រុម Brighton, Manchester City និងក្រុម Everton សុទ្ធតែយកបាន ៣ពិន្ទុពីការប្រកួតក្នុងទឹកដីរបស់ក្រុម Liverpool នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យក្រុមជើងឯកចាស់នេះតាមពីក្រោយក្រុមនាំមុខរបស់លោក Pep Guardiola ១៩ពិន្ទុ។
គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះបានបញ្ជាក់កាលពីសប្តាហ៍មុនថា លោកគ្មានផែនការចាកចេញពីក្លឹប Liverpool ឆាប់ៗនេះទេ បើទោះបីជាមានពាក្យចរចាមអារ៉ាមអំពីជម្លោះជាមួយកីឡាករក៏ដោយ ហើយថា គ្រូបង្វឹកអាល្លឺម៉ង់រូបនេះកំពុងពិចារណាពីអនាគតរបស់លោក បន្ទាប់ពី Liverpool ប្រកួតចាញ់ក្រុម Leicester ៕
