អ្នកចាំទី Edouard Mendy កោតសរសើរគ្រូបង្វឹកថ្មី Thomas Tuchel បន្ទាប់ពីដឹកនាំ៩ ប្រកួតមិនទាន់ចាញ់

         អ្នកចាំទី Edouard Mendy របស់ក្លឹប Chelsea បានកោតសរសើរគ្រូបង្វឹកថ្មីលោក Thomas Tuchel ដោយសារតែលទ្ធផលល្អរបស់លោកនៅពហុកីឡាដ្ឋាន Stamford Bridge។

        ក្លឹប Chelsea ឈ្នះ៦ប្រកួតនិងស្មើ២ប្រកួតក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បន្ទាប់ពីចូលជំនួសគ្រូបង្វឹក Frank Lampard ។

        អារម្មណ៍ល្អនៅក្នុងចំណោមកីឡាករហើយ Mendy បាននិយាយអំពីរបៀបដែលអតីតគ្រូបង្វឹកក្លឹប Dortmund និង PSG រូបនេះធ្វើឲ្យកីឡាករមានទំនុកចិត្ត ដោយមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេ។

         Mendy បាននិយាយថា " គ្រូបង្វឹករូបនេះផ្តល់ទំនុកចិត្តដល់កីឡាករទាំងអស់។ យើងដឹងថា គាត់ចង់បានអ្វី ដូច្នេះនៅពេលយើងនៅលើទីលានប្រកួត យើងត្រូវបង្ហាញពីមូលហេតុដែលគាត់បានជ្រើសរើសយើង"។

         Mendy បន្តថា " វាពិតជាវិជ្ជមានសម្រាប់កីឡាករគ្រប់រូប ពីព្រោះគាត់ផ្តល់ទំនុកចិត្តដល់យើង ហើយយើងត្រូវការកែលម្អនិងលេងឲ្យបានល្អនៅពេលយើងនៅលើទីលានប្រកួត"។

        កន្លងមកលោក Tuchel បានសារភាពថា លោកចាំបាច់ត្រូវតែកាត់បន្ថយការប្រឈមមុខជាមួយកីឡាករ បន្ទាប់ពីមានបញ្ហានៅក្លឹប Dortmund និងក្លឹប PSG កន្លងមក ហើយលោកទំនងជាធ្វើបានល្អនៅក្នុងទីក្រុងឡុងដ៍។

        ក្រុមរបស់លោកឈរនៅលេខរៀងទី៥នៅលើតារាងក្របខណ្ឌ Premier League និងស្ថិតក្នុងដំណើរឆ្ពោះទៅរកវគ្គ៨ក្រុមចុងក្រោយនៅក្របខណ្ឌ  Champions League បន្ទាប់ពីយកឈ្នះក្រុម Atletico Madrid 1-0 ក្រៅទឹកដីនៅជុំទី១នៅសប្តាហ៍នេះ៕

-->
adverise with khmeread