adverise with khmeread 3

តួ​បូលីវូដ​មុខរីក​ដូច​គ្រាប់​ជីរ បន្ទាប់ពី​ព្រះអង្គម្ចាស់ William យាង​មក​សួរសុខទុក្ខ​ដល់​ឥណ្ឌា​

​    ​រាប់​ចាប់ពី​កំពូល​តារាភាពយន្ត​ដូចជា លោក Shah Rukh Khan, លោកស្រី Madhuri Dixit និង នាង Aishwarya Rai Bachchan រហូតដល់​តារា​ក្មេងៗ​មាន​ទេពកោសល្យ​ដូចជា​នាង Parineeti Chopra និង​នាង Huma Qureshi គឺ​សុទ្ធសឹង​ជា​តារា​ដែលមាន​វត្តមាន​ស្វាគមន៍​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គម្ចាស់ William និង​ព្រះ​មហេសី Kate Middleton នៅ​ប្រទេស​ឥណ្ឌា​កាលពី​រាត្រី​ថ្ងៃអាទិត្យ​។​

​    ​ការទទួល​ស្វាគមន៍​កាលពី​រាត្រី​ថ្ងៃអាទិត្យ​នៅ​សណ្ឋាគារ The Taj Mahal Palace Hotel ក្រុង​មុំ​បៃ​ត្រូវបាន​គេ​សង្កេតឃើញ​មានការ​ចូលរួម​ពី​ជន​ល្បីៗ​មកពី​វិស័យ​ភាពយន្ត ធុរកិច្ច​សង្គម និង​កីឡា​នៅ​ពិធី​ដ៏​អធិកអធម​ជាមួយ​គូ​ស្វាមីភរិយា​របស់​រាជវង្ស​អង់គ្លេស​ដើម្បី​រៃអង្គាស​លុយ​សម្រាប់​អង្គការ​ជាច្រើន​ដូចជា អង្គការ Childline India, អង្គការ Magic Bus និង អង្គការ Door Step School ក្នុងប្រទេស​ឥណ្ឌា​។ 

​    ​កំពូល​តារាភាពយន្ត​បូលីវូដ លោក Shah Rukh Khan ដែល​មើលទៅ​ស្រស់​សង្ហា​ក្នុង​ឈុត​អាវ​ស​ក្រវាត់ក​ខ្មៅ និង​ជា​ពិធីករ​ក្នុង​កម្មវិធី​ជាមួយ​នាង Aishwarya បាន​និយាយ​តាម Twitter ថា "​គូ​ស្វាមីភរិយា​ទាំងពីរ​ព្រះអង្គ​មើលទៅ​សមសួន​ខ្លាំងណាស់​។ រាត្រី​នេះ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​គឺជា​រាត្រី​របស់​ក្សត្រា​ក្សត្រិយ៍​"​។ 

​    ​លោកស្រី Madhuri ដែលជា​ស្តេច​របាំ​ឥណ្ឌា មើលទៅ​ស្រស់​ឆើតឆាយ​ក្នុង​ឈុត​សារី​ប្រពៃណី​ឥណ្ឌា ខណៈ​គាត់​ចូលរួម​ពិធី​ជាមួយ​ស្វាមី Shriram Nene​។  

​    ​ព្រះអង្គម្ចាស់ និង​ព្រះ​នាង​អង់គ្លេស​ទាំងពីរ​អង្គ​នេះ​នឹង​យាង​ចេញពី​ឥណ្ឌា​ទៅ​ប៊ូ​តង់​នៅ​ថ្ងៃ​អង្គារ​សម្រាប់​ព្រះរាជទស្សនកិច្ច​បន្ទាប់​របស់​ទ្រង់​៕ 

adverise with khmeread
ប្រភព៖ ខាលីចថាមស៍

អ្នកនឹងចូលចិត្ត

មតិយោបល់