ការខិតខំរបស់ប្រធានាធិបតីម៉ិកស៊ិកលោក Andrés Manuel López Obrador ដើម្បីលក់យន្តហោះសម្រាប់ដឹកប្រធានាធិបតី បានឈានចូលឆ្នាំទី ៣ ហើយ ដោយរកអ្នកទិញមិនទាន់ឃើញ។
លោក Obrador បានព្យាយាមទាក់ទាញក្រុមហ៊ុនសាជីវកម្មនិងនាយកប្រតិបត្តិអាជីវកម្មធំៗឱ្យទិញយន្តហោះ Boeing 787 ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍ចង់ទិញទេ។
ចាប់តាំងពីលោក Obrador ចូលកាន់តំណែងនៅថ្ងៃទី០១ ខែធ្នូឆ្នាំ ២០១៨ លោកប្រធានាធិបតីបានប្តេជ្ញាលក់យន្តហោះនេះ ព្រោះវាមានលក្ខណៈប្រណីតពេក។ លោក Obrador មានមោទនភាពចំពោះការត្បិតត្បៀតរបស់គាត់ ការជិះយន្តហោះពាណិជ្ជកម្ម និង ការធ្វើដំណើរទៅបរទេសតែម្តងគត់។
ប៉ុន្តែកាលពីថ្ងៃពុធទី២៤កុម្ភៈលោកបានទទួលស្គាល់ថាយន្ដហោះនេះពិតជាពិបាកលក់ ពីព្រោះវាត្រូវការជំនាញបច្ចេកទេសខ្ពស់ពេកនិងផលិតតាមរយៈការកុម្ម៉ង់។
យន្តហោះនេះត្រូវបានទិញក្នុងតម្លៃ ២០០ លានដុល្លារហើយត្រូវបានប្រើដោយប្រធានាធិបតីមុនគឺលោក Enrique Peña Nieto។ វាពិបាកក្នុងការលក់ព្រោះវាត្រូវបានគេកំណត់អាចផ្ទុកបានតែ ៨០ នាក់ប៉ុណ្ណោះនិងមានឈុតគេងសម្រាប់ប្រធានាធិបតីពេញលេញជាមួយនឹងអាងងូតទឹកឯកជន។ ក្រុមអ្នកជំនាញនិយាយថានឹងចំណាយខ្ពស់ណាស់ក្នុងការកែទៅជាយន្តហោះដឹកអ្នកដំណើរធម្មតា ដែលអាចដឹកមនុស្សរហូតដល់ ៣០០ នាក់៕ ប្រភព ៖ Daily Mail
