អ្នកទោសរត់គេចខ្លួនជាង៤០០នាក់ និងស្លាប់២៥នាក់ រួមទាំងមេគុក ក្នុងហេតុការណ៍ហែកគុកដ៏អាក្រក់មួយនៅហៃទី

អាជ្ញាធរហៃទីបានប្រកាសកាលពីថ្ងៃសុក្រទី២៦កុម្ភៈថា អ្នកទោសជាង ៤០០ នាក់បានរត់គេចខ្លួននិង ២៥ នាក់បានស្លាប់នៅក្នុងហេតុការណ៍ហែកគុកមួយ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ហែកគុកធំបំផុតនិងអាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងនោះប្រធានពន្ធនាគារនិងមេក្រុមអន្ធពាលដ៏មានឥទ្ធិពលម្នាក់បានស្ថិតក្នុងចំណោមអ្នកស្លាប់។

អ្នកខ្លះជឿថាការហែកគុកកាលពីថ្ងៃព្រហស្បតិ៍នៅពន្ធនាគារស៊ីវិល Croix-des-Bouquets ក្នុងទីក្រុង Port-au-Prince ស្ថិតនៅភាគឦសានប្រទេសគឺដើម្បីរំដោះមេក្រុមអន្ធពាលឈ្មោះ Arnel Joseph ដែលគេតាមចាប់ខ្លួនបំផុតនៅប្រទេសហៃទីរហូតដល់ការចាប់ខ្លួនរូបគេបានសម្រេចក្នុងឆ្នាំ ២០១៩ ពីបទចោទប្រកាន់ជាច្រើនរួមមានការចាប់រំលោភ ការចាប់ពង្រត់ និង ឃាតកម្ម។

អ្នកនាំពាក្យប៉ូលិសលោក Gary Desrosiers បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា Joseph បានជិះម៉ូតូឆ្លងកាត់តំបន់ Artibonite នៅទីក្រុង L´Estère កាលពីថ្ងៃសុក្រ គឺមួយថ្ងៃគត់បន្ទាប់ពីរត់គេចខ្លួនពីគុក នៅពេលរូបគេត្រូវបានប្រទះឃើញនៅចំណុចឆែកឆេរមួយ។ លោកបាននិយាយថា Joseph បានដកកាំភ្លើងបាញ់តដៃជាមួយប៉ូលិស ហើយស្លាប់នៅនឹងកន្លែង។

Joseph បានគ្រប់គ្រងភូមិ de Dieu ឬ ភូមិព្រះ ដែលជាទីប្រជុំជនមួយនៅកណ្តាលទីក្រុង Port-au-Prince និងសហគមន៍ដទៃទៀតរួមទាំងសហគមន៍ Artibonite ដែលជាសហគមន៍ធំបំផុតរបស់ហៃទី។

អាជ្ញាធរមិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីការហែកគុកនេះនៅឡើយទេ ដោយគ្រាន់តែនិយាយថា អ្នកទោស ៦០ នាក់ត្រូវបានចាប់យកមកវិញហើយការស៊ើបអង្កេតកំពុងបន្ត។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Frantz Exantus និយាយថា អាជ្ញាធរបានបង្កើតគណៈកម្មការជាច្រើនដើម្បីស៊ើបអង្កេតថាតើអ្នកណាជាអ្នករៀបចំការហែកគុកនេះនិងមូលហេតុអ្វីបានជាហែកគុក។ ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់គឺមានប្រធានពន្ធនាគារឈ្មោះ Paul Joseph Hector ផងដែរ៕

-->
adverise with khmeread