ឌីជេវិទ្យុអាល្លឺម៉ង់សុំទោសក្រុម BTS ដោយសារធ្លោយមាត់និយាយលើសពេក ប្រមាថដល់ពួកគេដោយអចេតនា

ឌីជេវិទ្យុអាល្លឺម៉ង់ម្នាក់បានធ្វើការសុំទោសបន្ទាប់ពីប្រៀបធៀបក្រុមចម្រៀង BTS របស់ K-pop ទៅនឹងវីរុសកូរ៉ូណាក្នុងអំឡុងពេលផ្សាយផ្ទាល់។

លោក Matthias Matuschik បាននិយាយថាគាត់មិនមានចេតនា "ប្រមាថពូជសាសន៍ទេ" ដោយបន្ថែមថាការភ្ជាប់ទំនាក់ទំនងរវាងក្រុមចម្រៀងនេះនិងកូវីដ គឺ "ខុសទាំងស្រុង" ។

ឧបទ្ទវហេតុនេះបានកើតឡើងចំពេលមានការកើនឡើងនូវអារម្មណ៍ប្រឆាំងនឹងជនជាតិអាស៊ី និងការវាយប្រហារប្រកាន់ពូជសាសន៍ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។

BTS ជាក្រុមតន្រ្តីធំបំផុតមួយនៅលើពិភពលោកដែលមានអ្នកគាំទ្រដ៏ធំអស្ចារ្យ។

មនុស្សជាច្រើនបានប្រើបណ្តាញសង្គមដើម្បីចែករំលែកការខឹងសម្បារបស់ពួកគេចំពោះសេចក្តីអត្ថាធិប្បាយរបស់ឌីជេរូបនោះ។

កាលពីថ្ងៃពុធក្នុងអំឡុងកម្មវិធីរបស់គាត់នៅលើវិទ្យុ Bayern3 លោក Matuschik បានចាក់ចម្រៀង Cover របស់ BTS ទៅលើបទ "Fix You" របស់ក្រុម Coldplay នៅក្នុងកម្មវិធីរបស់គាត់ ដោយហៅ ការច្រៀងបទគេឡើងវិញនេះថាជា "ការប្រមាថមើលងាយ"។

គាត់​បាន​បន្ថែម "សម្រាប់រឿងនេះ អ្នកនឹងបានធ្វើវិស្សមកាលនៅកូរ៉េខាងជើង ២០ ឆ្នាំ!"។

បន្ទាប់មកលោក Matuschik បានពណ៌នាក្រុម BTS ថាជា "វីរុសអាក្រក់ ដែលចាំតែវ៉ាក់សាំងមកកម្ចាត់វាឆាប់ៗ" ។

បន្ទាប់មកឌីជេរូបនេះចាប់ផ្តើមនិយាយក្រលាស់ដល់អ្នកស្តាប់វិញថា "អ្នកមិនអាចចោទប្រកាន់ខ្ញុំពីការស្អប់ខ្ពើមជនបរទេសបានទេ។ ខ្ញុំមានឡានមកពីប្រទេសកូរ៉េខាងត្បូង។ ខ្ញុំមានឡានដ៏ឡូយបំផុតដែលមិនធ្លាប់មាន" ។

ស្ថានីយវិទ្យុនេះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា "វាជាចរិតលក្ខណៈនៃកម្មវិធីនេះ ដែលតម្រូវឱ្យឌីជេបង្ហាញគំនិតរបស់គាត់យ៉ាងច្បាស់ បើកចំហ និង និយាយប៉ាតណាប៉ាតណីអ៊ីចឹង"។

វិទ្យុនេះបានបន្ថែមថា "ឌីជេបានប្រើសម្តីហួសពេក" ប៉ុន្តែមិនមានបំណងបញ្ឈឺចិត្តអ្នកគាំទ្រ BTS ទេ៕ ប្រភព ៖ BBC 


 

-->
adverise with khmeread