បុរសម្នាក់ខ្យល់គរស្លាប់ក្នុងទឹក ខណៈពេលទៅរកត្រី

កោះកុង ៖ មានករណីបុរសម្នាក់ខ្យល់គរស្លាប់ក្នុងទឹកត្រពាំងខែប្រាំង ខណៈពេលទៅរកត្រី បង្កការភ្ញាក់ផ្អើល ​នាថ្ងៃព្រហស្បតិ៍ទី២៥​ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧ និង២០នាទីព្រឹក នៅចំណុច ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ ឈ្មោះ សោម សាន់ ភេទប្រុស អាយុ ៣២ឆ្នាំ (ស្លាប់) មានប្រពន្ធឈ្មោះ សុក សៀរ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ដំបូងមានបុរសជាឪពុក បងប្អូន បានរាយការរណ៍មកប៉ូលិសប៉ុស្តិ៍រដ្ឋបាលដងពែង ថា «បាត់កូនមួយយប់មិនឃើញមកផ្ទះ ខណ:ទៅរកត្រីកាលពីល្ងាចថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២១»។

ព្រឹកឡើងក៏បាននាំគ្នាដើររកមើលក៏បានប្រទះឃើញសពឈ្មោះ សោម សាន់ ភេទប្រុស អាយុ ៣២ឆ្នាំ លង់ទឹកត្រពាំងខែប្រាំង បណ្តាលឱ្យស្លាប់នៅទីនោះ ហើយឪពុក បងប្អូនបានយកសពចេញពីកន្លែងកើតហេតុដាក់លើគោយន្ត។ 

លុះនៅវេលាម៉ោង៩ និង៥នាទីព្រឹក ថ្ងៃទី២៥ កុម្ភៈ ២០២១ កម្លាំងប៉ូលិសប៉ុស្តិ៍ដងពែង បានចូលរួមជាមួយផ្នែកជំនាញវិភាគកន្លែងកើតហេតុ និងក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យស្រុកស្រែអំបិល បានចុះពិនិត្យសាកសពឈ្មោះ សោម សាន់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រះអង្គកែវ ឃុំដងពែង។ 

ក្រោយពីបានពិនិត្យរបស់លោកវេជ្ជបណ្ឌិត ផុន កុលបុត្រ វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យបង្អែកស្រែអំបិលបានបញ្ជាក់ថា «សាកសពបានស្លាប់ដោយសារកើតខ្យល់គរ បណ្តាលឱ្យដួលក្នុងទឹកស្លាប់មែន»។

ក្រោយពីបានពិនិត្យរួចរាល់ហើយកម្លាំងប៉ុស្តិ៍ និងផ្នែកជំនាញ បានប្រគល់សាកសពជូនប្រពន្ធឈ្មោះ សុក សៀរ អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread