រថយន្តកាមរី (បាឡែន) ព្រលះជាមួយរថយន្តកុងតឺន័រពេញទំហឹង, ខ្ទេចអាតូច

ភ្នំពេញ ៖ មានករណីរថយន្តកាមរី (បាឡែន) ខូចខាតខ្ទេចមួយចំហៀង ​បន្ទាប់ពីបានបើកបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តធុនធំចំកាងដែកចំហៀងខាងឆ្វេងខាងក្រោយពេញទំហឹង កាលពីវេលាម៉ោង១២ និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខរោងចក្រស្រាបៀរកម្ពុជា តាមបណ្តោយផ្លូវលេខ២១៧ ក្នុងភូមិជើងឯក សង្កាតជើងឯក ខណ្ឌដង្កោ​។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បានបើករថយន្ដកាមរី (បាឡែន) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-0187 បានបើកតាមដងផ្លូវលេខ២១៧ទិសដៅពីជើងមកត្បូង ​, ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងដៃត្រឡប់ក្រោយមិនប្រយ័ត្នជ្រុលទៅបុករថយន្តធុនធំម៉ាក FUSO ក្បាលពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 3F.2025 និងកន្ទុយរ៉ឺម៉កខាងក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A.8140 បើកបរដោយបុរសម្នាក់។

ខណៈរថយន្តធំកំពុងបើកបរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីត្បូងទៅជើងក៏បុកចំកន្ទុយដែករឺម៉កខាងក្រោយ បណ្ដាលឱ្យរថយន្តកាមរីរងការខូចខាតមួយចំហៀងខាងស្ដាំខ្ទេចស្ទើរតែទាំងស្រុង ហើយភ្លាមៗឃើញ អ្នកបើករថយន្តកាមរីរងរបួសបានចេញពីរថយន្តទៅព្យាបាលរបួសនៅមន្ទីរពេទ្យដោយខ្លួនឯង។ ចំណែកអ្នកបើករថយន្តធុនធំបានបើកទ្វារចុះគេចខ្លួនបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕


 

-->
adverise with khmeread