ឆ្កែតឿបារាំងពីរក្បាលបានជួបជុំជាមួយ Lady Gaga

ឆ្កែតឿពូជបារាំងពីរក្បាលរបស់ Lady Gaga ដែលត្រូវចោរលួច និងបង្កឱ្យមានរបួសដល់អ្នកបណ្ដើរឆ្កែត្រូវបានប្រគល់ឱ្យនាយកដ្ឋានប៉ូលិសក្រុង Los Angeles កាលពីល្ងាចថ្ងៃសុក្រ។

ស្ត្រីម្នាក់បាននាំសត្វឆ្កែទៅកាន់ស្ថានីយប៉ូលិសសហគមន៍អូឡាំពិក ដែលស្ថិតនៅភាគពាយព្យនៃទីក្រុង Los Angeles ប្រហែលម៉ោង ៦ ល្ងាច។

អ្នកតំណាងនិងអ្នកស៊ើបអង្កេតរបស់ Lady Gaga បានទៅស្ថានីយហើយបានបញ្ជាក់ថាពួកវាគឺជាសត្វឆ្កែរបស់នាងមែន។

វរសេនីយ៍ឯក Johnathan Tippett មេបញ្ជាការនៃកងបង្ក្រាបចោរប្លន់សម្លាប់របស់ក្រុង បាននិយាយថាស្ត្រីដែលបានប្រគល់ឆ្កែទាំងនោះមើលទៅដូចជាមិនមានការចូលរួមនិងគ្មានការពាក់ព័ន្ធជាមួយការវាយប្រហារនៅយប់ថ្ងៃពុធទេ។ គេមិនច្បាស់ទេថាតើស្ត្រីនេះទទួលបានសត្វឆ្កែយ៉ាងដូចម្តេច។

ការរកឃើញភ្លាមៗបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី Lady Gaga បានបំបែកភាពស្ងៀមស្ងាត់របស់នាងចំពោះឧបទ្ទវហេតុដែលបុរសប្រដាប់អាវុធបានបាញ់អ្នកបណ្ដើរឆ្កែរបស់នាងឱ្យរបួស ហើយបានចាប់ឆ្កែតឿពូជបារាំងពីរក្បាលរបស់នាង ហើយបានសសើរដល់បុគ្គលិករបស់នាងថាជាវីរបុរសជារៀងរហូត៕


 

-->
adverise with khmeread