ផ្លោះរបងផ្ទះចូលលួចសម្ភារៈក្នុងផ្ទះត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន

កណ្តាល ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធអំពើលួចសម្ភារ:ក្នុងផ្ទះពលរដ្ឋ ត្រូវបានប៉ូលិសក្រុងតាខ្មៅ ​ចាប់ខ្លួននាថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៤ល្ងាច នៅចំណុចផ្ទះគ្មានមនុស្សនៅ ភូមិព្រែក​ សំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ផាន់ ធី ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរសន្តិសុខ។ ចំណែកជនសង្ស័យឈ្មោះ លី ប៉ាវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ​ខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ។ វត្ថុតាងចាប់យកអាវយឺតដៃខ្លីពណ៌សមានរូបមនុស្សប្រុស និងមនុស្សស្រីនៅផ្នែកខាងមុខ (អាវរបស់ជនសង្ស័យពាក់ធ្វើសកម្មភាព) ។

ប៉ូលិសបន្តថា មុនកើតហេតុជនរងគ្រោះបានទុកសម្ភារៈនៅក្នុងរបងផ្ទះហើយបិទទ្វារចោលគ្មានមនុស្សនៅទេ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យបានឡើងផ្លោះរបងចូលទៅធ្វើសកម្មភាពលួចយកសម្ភារៈហើយគេខ្លួចបាត់។

ក្រោយកើតហេតុជនរងគ្រោះបានឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យធ្វើសកម្មភាពដោយឡើងផ្លោះ​របងចូលទៅធ្វើសកម្មភាពលួចសម្ភារៈ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅដើម្បីស្រាវជ្រាវរកជនសង្ស័យ។

បន្ទាប់ពីបានទទួលបណ្តឹងរួចមក ​កម្លាំងប៉ូលិសបានចុះស្រាវជ្រាវតាមរយ:រូបនៅក្នុងកាមេរ៉ាសុវត្ថិភាពក៏កំណត់មុខសញ្ញា បានហើយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread