ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអ.ស.បប្តេជ្ញាតស៊ូ ក្រោយរបបយោធាបណ្តេញគាត់ពីតំណែងពីបទក្បត់ជាតិ

ប្រេសិតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កបានប្តេជ្ញាតស៊ូកាលពីថ្ងៃសៅរ៍បន្ទាប់ពីរបបយោធាបានបណ្តេញគាត់ចេញពីតំណែងសម្រាប់ការជំរុញឱ្យប្រទេសនានាប្រើមធ្យោបាយចាំបាច់ដើម្បីបញ្ច្រាស់រដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដែលបានបណ្តេញមេដឹកនាំជាប់ឆ្នោតអ៊ុងសានស៊ូជី។

លោក Kyaw Moe Tun បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍ថា "ខ្ញុំបានសម្រេចចិត្តតស៊ូតបវិញដរាបណាខ្ញុំអាចធ្វើបាន"។

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃសៅរ៍ថាលោក Kyaw Moe Tun ត្រូវបានបណ្តេញចេញពីបទក្បត់ជាតិ។

ទោះយ៉ាងណា មន្ត្រីអង្គការសហប្រជាជាតិនិយាយថា អ.ស.បមិនបានទទួលស្គាល់របបយោធាជារដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាទេព្រោះខ្លួនមិនបានទទួលការជូនដំណឹងជាផ្លូវការអំពីការផ្លាស់ប្តូរណាមួយទេ ដូច្នេះលោក Kyaw Moe Tun នៅតែជាអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ា។

អ្នកនាំពាក្យអ.ស.បលោក Stephane Dujarric និយាយថា "យើងមិនបានទទួលការទាក់ទងណាមួយទាក់ទិននឹងការផ្លាស់ប្តូរអ្នកតំណាងរបស់មីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិនៅញូវយ៉កទេ"។

លោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អគ្គលេខាធិការអ.ស.បលោក Antonio Guterres ស្តីពីមីយ៉ាន់ម៉ា បានព្រមាននៅមហាសន្និបាតអ.ស.ប ដែលមានសមាជិក ១៩៣ ប្រទេសកាលពីថ្ងៃសុក្រថា គ្មានប្រទេសណាមួយគួរទទួលស្គាល់ឬធ្វើឱ្យរបបយោធាភូមាមានភាពស្របច្បាប់ឡើយ។

ប្រសិនបើរបបយោធាមីយ៉ាន់ម៉ាដឹកនាំដោយឧត្តមសេនីយ៍ Min Aung Hlaing ព្យាយាមស្វែងរកការទទួលស្គាល់ជាអន្តរជាតិដោយបន្តុបប្រេសិតថ្មីប្រចាំអ.ស.ប វាអាចជាការចាប់ផ្តើមការប្រយុទ្ធនៅឯស្ថាប័នពិភពលោកមួយនេះ ដែលអាចឈានដល់ការបោះឆ្នោតមួយនៅមហាសន្និបាត៕

-->
adverise with khmeread