រថយន្តបែនដឹកថ្មបុកជាមួយរថយន្តក្រឡុកស៊ីម៉ងត៍របួសធ្ងន់២នាក់នៅព្រែកព្នៅ

ភ្នំពេញ ៖ ស្រ្តីម្នាក់រងរបួសធ្ងន់និងបុរសម្នាក់កៀបជាប់នឹងកាប៊ីនរថយន្ត ក្នុងហេតុការណ៍ រថយន្តធុនធំបុកគ្នាកាលពីវេលាម៉ោង៣ និង៣០នាទីយប់ ឈានចូលថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូងសាលាកូរ៉េប្រមាណប្រហែល៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

យោងតាមប្រភពឱ្យដឹងថា អ្នករងរបួសឈ្មោះ សូរ ភាព ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ អ្នកបើកបរមិនស្គាល់ឈ្មោះ (កៀបជាប់កាប៊ីនរបួសធ្ងន់) បើករថយន្តដឹកថ្ម ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-3040 ទៅបុកជាមួយរថយន្តដឹកមេស៊ីម៉ងត៍ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-8556 អ្នកបើកគចខ្លួនបាត់។

ប្រភពបន្តថា មុនពេលកើតហេតុរថយន្តដឹកមេស៊ីម៉ងត៍ ចតលើចិញ្ចើមផ្លូវនៅតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះបែរក្បាលទៅទិសខាងជើង ,ខណ:កំពុងតែចតស្រាប់តែមាន រថយន្តដឹកថ្ម មកពីត្បូង ក្នុងល្បឿនលឿនជ្រុលមកបុករថយន្តក្រឡុកស៊ីម៉ងត៍ ផ្នែកខាងក្រោយ ចំហៀងខាងឆ្វេងរួចរេទៅបុកចូលមុខផ្ទះប្រជាពលរដ្ឋ ធ្លាក់ចូលប្រឡាយលូទឹកស្អុយ ក្រឡាប់ផ្ងារមួយចំហៀងតែម្ដង។ 

ប្រភពបន្តទៀតថា ភ្លាមៗស្រ្តីម្នាក់ត្រូវបានប្រជាពលរដ្ឋទាញចេញពីកាប៊ីនរថយន្តដឹកថ្ម យកទៅសង្គ្រោះ, ចំណែកតៃកុងកៀបជាប់នៅក្នុងរថយន្ត ត្រូវបានក្រុមសង្គ្រោះ​ 711 កងពលតូច ង70 ផ្នែកសង្គ្រោះបន្ទាន់ មកកាត់ដែកយកតៃកុងទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ 


 

-->
adverise with khmeread