បុរសជនជាតិអាមេរិកម្នាក់ស្លាប់ក្នុងបន្ទប់ទឹក ដោយសារគាំងបេះដូង

ភ្នំពេញ ៖ មានករណីបុរសជនជាតិអាមេរិកម្នាក់ស្លាប់ក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលនាថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១វេលាម៉ោង០៩និង៥៦នាទីព្រឹក នៅក្នុងចំណុចទីតាំងឈ្មោះ លី ហេង អាផាតមិន បន្ទប់លេខ៦០៣ ជាន់ទី៦  អគារលេខ១០ED ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា អត្តសញ្ញាណសពឈ្មោះ O’CONNOR TIMOTHY JOHN ជនជាតិអាមេរិក (UNITED OF AMERICAN) ភេទប្រុស អាយុ៧០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 642902375 មុខរបរទេសចរណ៍ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។  

យោងតាមការបំភ្លឺរបស់ឈ្មោះ កែម ស្រីកែវ ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨៧ មុខរបរមេការ (វេនថ្ងៃ) ស្នាក់នៅក្នុងទីតាំងកើតហេតុខាងលើ បានបញ្ជាក់ថា ជនរងគ្រោះបានមកជួលបន្ទប់កើតហេតុខាងលើស្នាក់នៅតាំងពីថ្ងៃទី៣១តុលាឆ្នាំ២០១៩។ ចាប់តាំងពីថ្ងៃដែលនាងខ្ញុំចូលបំពេញការងារមកឃើញជនបរទេសរូបនេះស្នាក់នៅជាប់រហូតតែម្នាក់ឯង ជាទម្លាប់ពីរបីថ្ងៃឃើញគាត់ចុះមកទិញឥវ៉ាន់ប្រើប្រាស់ហើយសម្ងំនៅតែក្នុងបន្ទប់។

សាក្សីដដែលបន្តថា ម្ដងម្កាលឃើញគាត់ចុះមកដើរហាត់ប្រាណ ​នាងខ្ញុំមើលទៅគាត់ដូចជាមានអការឈឺជើងព្រោះគាត់ធ្លាប់បានប្រាប់នាងខ្ញុំថា «គាត់ឈឺជើង»។ ចាប់ពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២១ គឺពេលថ្ងៃនាងខ្ញុំមិនបានឃើញគាត់ចុះមកក្រោមដើរហាត់ប្រាណនិងទិញឥវ៉ាន់ដូចរាលដងទេ ។

លុះនៅថ្ងៃទី០១ មីនា ឆ្នាំ២០២១ វេលាម៉ោង០៩ដោយមិនឃើញជនរងគ្រោះចុះក្រោមជាច្រើនថ្ងៃ នាងខ្ញុំនិងម្ចាស់ទីតាំងក៏បានឡើងទៅជាន់ទី៦បន្ទប់ជនរងគ្រោះពេលទៅដល់ក៏ធំក្លិនស្អុយចេញពីក្នុងបន្ទប់ជនរងគ្រោះ។ រួចម្ចាស់ទីតាំងក៏បានយកសោចាក់បើកទ្វារទៅក៏ឃើញជនរងគ្រោះដួលក្នុងបន្ទប់ទឹកស្លាប់ឡើងស្អុយ ហើយម្ចាស់ទីតាំងក៏បានរាយការណ៍ឱ្យសមត្ថកិច្ចតែម្ដង។ 

សមត្ថកិច្ចបន្តថា ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយប៉ូលិសការិយាល័យ បច្ចេកទេស,ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ,ប៉ូលិសការិយាល័យសើបអង្កេតនិងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។

បើតាមការសន្និដា្ឋន និងវាយតម្លៃក្រោយចុះដល់កន្លែងកើតហេតុ ឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងប៉ូលិសការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ បានបញ្ជាក់ថា «ជនបរទេសរូបនេះ ស្លាប់ដោយសារគាំងបេះដូងដែលអាចបណ្ដាលមកពីជំងឺបេះដូង»។

ក្រោយពេលបញ្ចប់ការពិនិត្យ ប៉ូលិដជំនាញបច្ចេកទេសនៃស្នងការរាជធានីភ្នំពេញបានយកទៅតម្កល់នៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕

-->
adverise with khmeread