ព័ត៌មានបន្ថែម​ ស្តីពីតៃកុងឡានរៀបគម្រោងជំរិតប្លន់ថៅកែ ,តែថៅកែដឹងមុនប្ដឹងដល់កម្លាំងអាវុធហត្ថសម្ងំចាំក្នុងផ្ទះ , ខណៈពេលក្រុមជនសង្ស័យមកធ្វើសកម្មភាពបាញ់តដៃគ្នាស្លាប់៤នាក់

ភ្នំពេញ ៖ ជនសង្ស័យជាឧក្រិដ្ឋជន៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថ បង្ក្រាបនិងការពារខ្លួន ដោយបាញ់តបតរហូតជនសង្ស័យទាំង៤នាក់ ស្លាប់ជាបន្តបន្ទាប់ នៅក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតនៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១១ និង៣០​នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ក្នុងនោះមានម្នាក់ជាអតីតតៃកុងឡាន ហើយជាអ្នកការពារថៅកែផ្ទាល់ បានរៀបគម្រោងជាមួយបក្ខពួក ដោយប៉ងចាប់ជំរិតយកប្រាក់១លានដុល្លារ បើមិនបានពួកគេនឹងសម្លាប់ថៅកែ និងប្រពន្ធថៅកែ និងអ្នកបម្រើទាំងអស់ក្នុងភូមិគ្រឹះនោះ។

ប្រភពបន្តថា​ តាមរយៈឱ្យតម្រុយពីថៅកែបានដឹងពីផែនការមុន ក៏បានប្ដឹងដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មុនពេលពួកជនសង្ស័យ មកធ្វើសកម្មភាព កាលពី៣ទៅ៤ថ្ងៃមុន ដោយកម្លាំងអាវុធហត្ថពួនសម្ងំ នៅក្នុងភូមិគ្រឹះម្ចាស់រងគ្រោះរួចជាស្រេច រង់ចាំក្រុមជនសង្ស័យមកធ្វើសកម្មភាពជាក់ស្ដែង។

ប្រភពបន្តថា​ លោកថៅកែដែលជាជនរងគ្រោះឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនីខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ដែលមានទ្រព្យស្ដុកស្ដម្ភ ជាអ្នកជំនួញដេញថ្លៃផ្គត់ផ្គង់អគ្គីសនីនៅតាមបណ្ដាខេត្តមួយចំនួន។

ប្រភពបន្តថា​ ដូចតាមការគ្រោងទុក របស់ក្រុមជនសង្ស័យ ពួកគេមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម (AK47 មួយដើមនិងកាំភ្លើងខ្លី​២ដើម ) បានជិះរថយន្តមួយគ្រឿង ចូលមកភូមិគ្រឹះរបស់ជនរងគ្រោះ។

ដោយសារជនសង្ស័យជាអតីតតៃកុងឡានរបស់ជនរងគ្រោះ បានស្គាល់លេខផ្ទះ លេខផ្លូវ ទើបសន្តិសុខបុរី ដែលមិនបានដឹងរឿងសោះឱ្យចូលមក។ ខណៈចូលមកដល់ផ្ទះជនរងគ្រោះ ពួកគេក៏ធ្វើសកម្មភាព ផ្លោះរបងចូលជាបន្តបន្ទាប់ និងបាញ់តបតជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ច បានប្រើប្រាស់សិទ្ធិការពារខ្លួនបណ្ដាលឱ្យជនសង្ស័យស្លាប់ទាំងអស់។

លោកឧត្ដមសេនីយឯក រ័ត្ន ស្រ៊ាង បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាប ករណីនេះ ដោយឧក្រិដ្ឋជន០៤នាក់ បានរៀបផែនការ ជំរិតយកប្រាក់១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល០២​នាក់ជាក្រោយ។

ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែង AK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឱ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងតែម្តង៕


 

-->
adverise with khmeread