តូក្យូស្នើចិនឱ្យឈប់យកសំណាកកូវីដតាមរន្ធគូថពីជនជាតិជប៉ុន

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថារដ្ឋាភិបាលក្រុងតូក្យូបានស្នើសុំឱ្យរដ្ឋាភិបាលក្រុងប៉េកាំងបញ្ឈប់ការធ្វើតេស្តសំណាកកូវីដតាមរន្ធគូថលើពលរដ្ឋជប៉ុន ខណៈនីតិវិធីនេះបង្កឱ្យមានការឈឺចាប់ខាងផ្លូវចិត្ត។ នេះយោងតាមសារព័ត៌មានសិង្ហបុរី CNA ផ្សាយកាលពីថ្ងៃទី១មីនា។

ប្រធានខុទ្ទកាល័យលោក Katsunobu Kato បាននិយាយថារដ្ឋាភិបាលមិនទាន់បានទទួលការឆ្លើយតបណាមួយថាប៉េកាំងនឹងផ្លាស់ប្តូរនីតិវិធីធ្វើតេស្តនេះនៅឡើយទេ ដូច្នេះជប៉ុននឹងបន្តស្នើសុំឱ្យចិនផ្លាស់ប្តូរវិធីនៃការធ្វើតេស្ត។

លោក Kato បានប្រាប់សន្និសីទសារព័ត៌មានមួយថា "ជនជាតិជប៉ុនមួយចំនួនបានរាយការណ៍ប្រាប់ស្ថានទូតរបស់យើងនៅប្រទេសចិនថាពួកគេបានទទួលការធ្វើតេស្តតាមរន្ធគូថ ដែលបណ្តាលឱ្យមានការឈឺចាប់ខាងផ្លូវចិត្ត"។

លោកបាននិយាយថានៅមិនទាន់ដឹងថាតើមានជនជាតិជប៉ុនប៉ុន្មាននាក់ទេដែលបានទទួលការធ្វើតេស្តិ៍បែបនេះ។

ទីក្រុងមួយចំនួនរបស់ចិនកំពុងប្រើសំណាកយកចេញពីរន្ធគូថដើម្បីរកមើលលទ្ធភាពឆ្លងមេរោគកូរ៉ូណា ខណៈចិនកំពុងបង្កើនការត្រួតពិនិត្យដើម្បីប្រាកដថាគ្មានអ្នកផ្ទុកវីរុសកូរ៉ូណាណាម្នាក់រួចផុតពីការធ្វើតេស្ត។

ក្រសួងការបរទេសចិនបានបដិសេធកាលពីខែមុនថាអ្នកការទូតអាមេរិកនៅក្នុងប្រទេសនេះត្រូវបានតម្រូវឱ្យធ្វើតេស្តរន្ធគូថរកកូវីដ១៩ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា អ្នកខ្លះបានត្អូញត្អែរអំពីនីតិវិធីបែបនេះ៕ 

-->
adverise with khmeread