ប៉ូលិសឆ្មក់ចាប់ខ្លួនទាំងអតីតប្រធាននិងនាយកប្រតិបត្តិបច្ចុប្បន្នដល់ក្នុងក្លឹបអ្នកមានបុណ្យបាសេឡូណា

លោក Josep Maria Bartomeu ត្រូវបានចាប់ខ្លួនដោយប៉ូលិសអេស្ប៉ាញពីបទជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវយុទ្ធនាការបង្អូចឈ្មោះលាបពណ៌មួយហៅថា "Barcagate" ក្នុងអំឡុងពេលដែលគាត់នៅធ្វើជាប្រធានក្លឹបអ្នកមានបុណ្យ Barcelona។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១មីនា។

លោក Bartomeu គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សបួននាក់ ដែលត្រូវបានចាប់ខ្លួនរហូតមកទល់ពេលនេះ រួមទាំងនាយកប្រតិបត្តិក្លឹប Barcelona លោក Oscar Grau និងប្រធានផ្នែកសេវាកម្មច្បាប់លោក Roman Gomez Ponti ។ លោក Jaume Masferrer ដែលដើរតួជាទីប្រឹក្សារបស់លោក Bartomeu ក៏ស្ថិតក្នុងចំណោមអ្នកត្រូវចាប់ខ្លួនដែរ។ ប៉ូលិសបានបញ្ជាក់ពីការចាប់ខ្លួនប៉ុន្តែមិនទាន់បានកំណត់អត្តសញ្ញាណជាផ្លូវការនូវអ្នកដែលត្រូវបានឃុំខ្លួននៅឡើយទេ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថាអ្នកដែលបានរៀបរាប់ខាងលើទាំងអស់នេះហើយដែលកំពុងជាប់ឃុំ។

កាលពីព្រឹកថ្ងៃចន្ទប៉ូលិសអេស្ប៉ាញបានចូលទៅក្នុងកីឡដ្ឋាន Nou Camp របស់ Barcelona នៅក្នុងប្រតិបត្តិការស្វែងរកចាប់ខ្លួន។ លោក Bartomeu ត្រូវបានចាប់ខ្លួននៅផ្ទះ។ អង្គភាពឧក្រិដ្ឋកម្មសេដ្ឋកិច្ចនៃកម្លាំងប៉ូលិសតំបន់ Catalonia ជាអ្នកមើលការខុសត្រូវលើការស្វែងរកនិងប្រមូលយកភស្តុតាង។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបាននិយាយថា ប្រតិបត្តិការនេះគឺទាក់ទងទៅនឹងរឿងអាស្រូវ "Barcagate" កាលពីឆ្នាំមុន ដែលក្នុងនោះមន្រ្តីក្លឹបត្រូវបានចោទប្រកាន់ថាបានចាប់ផ្តើមយុទ្ធនាការលាបពណ៌ប្រឆាំងនឹងកីឡាករបច្ចុប្បន្ននិងអតីតកីឡាករ ដែលបានរិះគន់ក្លឹបនិងអតីតប្រធាន Bartomeu។

តារាឆ្នើម Lionel Messi ខ្សែការពារជើងចាស់ Gerard Pique និងលោក Pep Guardiola ដែលជាអតីតអ្នកចាត់ការទូទៅរបស់ពួកគេនិងបច្ចុប្បន្នជាអ្នកចាត់ការទូទៅរបស់ Manchester City បានស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកំណត់គោលដៅវាយប្រហារដោយរឿងអវិជ្ជមាននិងការផ្សព្វផ្សាយតាមបណ្តាញសង្គម។

វេបសាយ Cadena Ser បានអះអាងថា ក្រុមហ៊ុន I3Ventures ដែលជួលដោយក្លឹប Barcelona បានគ្រប់គ្រងគណនីបណ្តាញសង្គមផ្សេងៗនៅលើ Twitter និង Facebook ដើម្បីចុះផ្សាយនូវរឿងរ៉ាវអវិជ្ជមាននានាទាក់ទងនឹង Messi ភរិយារបស់គាត់ Antonela, Pique, Guardiola, Xavi, Carles Puyol និងអតីតប្រធានក្លឹបលោក Joan Laporta ។

ឧទាហរណ៍ជាក់ស្តែង គឺមានរឿងរ៉ាវអវិជ្ជមានជាច្រើននិយាយអំពី Messi ពន្យារពេលចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់គាត់ ដែលជាបញ្ហាបែកបាក់ខ្លាំងបំផុតនៅក្នុងក្លឹបកាលពីរដូវក្តៅមុន ខណៈកីឡាករអាហ្សង់ទីនរូបនេះរកកល់ចាកចេញពីក្លឹប។ Messi នៅតែត្រូវចាកចេញនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅខែមិថុនាឆ្នាំ២០២១។ មានការអះអាងថា Barcelona បានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន I3Ventures ចាប់តាំងពីឆ្នាំ ២០១៧ ហើយវិក្កយបត្រចំនួន ៦ ផ្សេងគ្នាត្រូវបានទូទាត់សរុបជិត ១ លានអឺរូ។

Barcelona បានចេញសេចក្តីថ្លែងការណ៍មួយកាលពីរសៀលថ្ងៃចន្ទដោយនិយាយថាពួកគេកំពុងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរលើបញ្ហានេះ៕

-->
adverise with khmeread