ផែនការពួកឧក្រិដ្ឋជនបរាជ័យ, កម្លាំងកងរាជអាវុធហត្ថបាញ់សម្លាប់ឧក្រិដ្ឋជន៤នាក់,​ សង្គ្រោះជនរងគ្រោះ១០នាក់រួចផុតពីគម្រោងប្លន់សម្លាប់

ភ្នំពេញ ៖ ឧក្រិដ្ឋជន០៤នាក់ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឱ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ស្លាប់នៅនឹងកន្លែង នៅវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ដែលពួកគេបានរៀបផែនការគួរឱ្យភ្ញាក់ផ្អើលបំផុត។

មន្ត្រីអាវុធហត្ថនិយាយថា អ្នកផ្តើមគំនិតឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឱ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ។ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញតែម្ចាស់ផ្ទះមិនព្រមឆ្លើយតប ហើយអ៉ឹម សុវណ្ណារិទ្ធ ក៏បានរៀបចំផែនការចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ។

ដោយសារតែនៅថ្ងៃទី២៦កុម្ភៈ អាចមកជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកគេក៏លើកគម្រោងទៅថ្ងៃទី ២៧វិញ។ តែដោយថ្ងៃទី២៧ កុម្ភៈ ជាថ្ងៃសៅរ៍ ខ្លាចខាងចូលធនាគារដកលុយមិនទាន់ ទើបពួកគេលើកមកថ្ងៃច័ន្ទទី១ ខែមីនា នេះតែម្តង។

មន្ត្រីដដែលបន្តថា យោងតាមផែនការដែលពួកគេដាក់ចេញ ដំបូងគឺប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះ ភ្ជង់ម្ចាស់ផ្ទះឱ្យសរសេរសែក នូវសាច់ប្រាក់១លានដុល្លារ។ បន្ទាប់មកនឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡានទៅធនាគារ ដោយឱ្យគ្នាវាចុះដកលុយ និងគំរាមឱ្យម្ចាស់ផ្ទះចាំឆ្លើយទូរស័ព្ទជាមួយបុគ្គលិកធនាគារឱ្យពួកវាដកលុយចុះ។ 

ចំពោះផែនការបន្ទាប់ ក្រោយពីដកលុយបានពួកគេនឹងសម្លាប់ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ ព្រមទាំងកូនៗ០៦នាក់ និងអ្នកបម្រើ០២នាក់ សរុប១០នាក់ ប្លន់យកលុយនិងគ្រឿងអលង្ការ ដែលមានក្នុងទូដែកទាំងអស់។ បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលឡានម្ចាស់ផ្ទះ០២គ្រឿង ហើយបើកយកសពទៅបោះចោលនៅពេជ្រនិល។ ឯអ្នកចូលធនាគារដកលុយ ត្រូវគេចខ្លួនទៅប្រទេសថៃ និងអ្នកដទៃគឺមិនបាច់រត់ទៅណាទេ។ 

យោងគម្រោងរបស់មេក្លោង ក្រោយពេលប្លន់បានសម្រេច នឹងទិញឡាន Luxis Kuro 570 មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ។ តែផែនការនេះត្រូវបានធ្លាយចេញមកដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបផែនការរង់ចាំ ពួកវាចូលអន្ទាក់វិញអស់រយៈពេល៤ថ្ងៃមកហើយ។

មន្ត្រីដដែលបន្តទៀតថា រហូតដល់វេលាម៉ោង១១ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្តាលឱ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ស្លាប់នៅនឹងកន្លែង។

ក្រោយពេលប្រតិបត្តិការបានបញ្ចប់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល លើកទឹកចិត្តដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញបេសកម្មដោយជោគជ័យ ជួយសង្គ្រោះម្ចាស់ផ្ទះមានសុវត្ថិភាពគ្រប់គ្នា៕

-->
adverise with khmeread