អតីតប្រធានក្លឹប Barcelona លោក Josep Bartomeu និងមនុស្សបីនាក់ផ្សេងទៀតត្រូវប៉ូលីសចាប់ខ្លួន ជុំវិញយុទ្ធនាការបរិហាកេរ្តិ៍

        ប៉ូលិសចាប់ខ្លួនលោក Josep Bartomeu អតីតប្រធានក្លឹប Barcelona និងមនុស្សបីនាក់ផ្សេងទៀតជុំវិញយុទ្ធនាការបរិហាកេរ្តិ៍។

        លោក Josep Maria Bartomeu ត្រូវបានប៉ូលិសអេស្ប៉ាញចាប់ខ្លួន ដោយសារតែពាក់ព័ន្ធនឹងយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះដែលគេហៅថា "Barcagate” អំឡុងពេលលោកនៅជាប្រធានក្លឹបនេះ។

        លោក Bartomeu គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៤រូបដែលត្រូវបានចាប់ខ្លួន ហើយក្នុងនោះក៏មានលោក Oscar Grau នាយកប្រតិបត្តិក្លឹប Barcelona និងលោក Roman Gomez Ponti ប្រធានផ្នែកការងារច្បាប់និងលោក Jaume Masferrer ដែលដើរតួជាទីប្រឹក្សាច្បាប់របស់លោក Bartomeu ផងដែរ។

        កាលពីព្រឹកថ្ងៃច័ន្ទ ប៉ូលិសអេស្ប៉ាញបានសម្រុកចូលពហុកីឡាដ្ឋាន Nou Camp របស់ក្លឹប Barcelona ក្នុងប្រតិបត្តិការស្រាវជ្រាវនិងរឹបអូស។ លោក Bartomeu ត្រូវបានចាប់ខ្លួនក្នុងផ្ទះ។ អង្គភាព Economic Crimes Unit នៃ the Catalonia Police Force កំពុងត្រួតពិនិត្យមើលការស្រាវជ្រាវនេះ។

        បណ្តាញព័ត៌មានអេស្ប៉ាញបានលើកឡើងថា ប្រតិបត្តិការនេះគឺពាក់ព័ន្ធនឹងកម្មវិធី Barcagate កាលពីឆ្នាំមុន ដែលក្នុងនោះ មន្ត្រីក្លឹបត្រូវបានចោទប្រកាន់ពីបទរៀបចំយុទ្ធនាការមួយ ប្រឆាំងនឹងអតីតកីឡាករនិងកីឡាករបច្ចុប្បន្ន ដែលរិះគន់ក្លឹបនិងលោក Bartomeu ដែលកាលនោះគឺជាប្រធានក្លឹប។ 

        កីឡាករ Lionel Messi ខ្សែការពារជើងចាស់ Gerard Pique និងអតីតអ្នកចាត់ការ Pep Guardiola ដែលឥឡូវគឺជាគ្រូបង្វឹករបស់ក្លឹប Manchester City ក៏ស្ថិតក្នុងចំណោមបុគ្គលដែលជាគោលដៅនៃរឿងអវិជ្ជមានជាច្រើននិងការរិះគន់តាមបណ្តាញសង្គម។

        ក្រុម I3Ventures ដែលត្រូវបានជួលដោយក្លឹប Barcelona គ្រប់គ្រងគណនីបណ្តាញសង្គមជាច្រើនមានទ្វីតធើនិងហ្វេសប៊ុក ដែលបង្ហោះរឿងអវិជ្ជមានអំពី  Messi និងនាង Antonela ភរិយារបស់ Messi ខ្សែការពារ Pique គ្រូបង្វឹក  Guardiolaខ្សែបម្រើ Xavi ខ្សែការពារ Carles Puyol និងអតីតប្រធានក្លឹប Joan Laporta ៕

-->
adverise with khmeread