មន្ត្រីជាន់ខ្ពស់ WHO ព្រមានថាកូវីដនឹងមិនចប់ឆាប់ៗទេ កុំជិះសេះព្រលែងដៃទោះមានវ៉ាក់សាំង

មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទថា វា "ឆាប់ពេក" និង "មិនប្រាកដនិយម" ទេដែលគិតថា ជំងឺរាតត្បាតកូវីដ១៩ អាចនឹងត្រូវបញ្ឈប់នៅចុងឆ្នាំនេះ ប៉ុន្តែការមកដល់នៃវ៉ាក់សាំងដែលមានប្រសិទ្ធិភាពយ៉ាងហោចណាស់ក៏អាចជួយកាត់បន្ថយការសម្រាកនៅមន្ទីរពេទ្យនិងការស្លាប់ដែរ។

លោកវេជ្ជបណ្ឌិត Michael Ryan ប្រធានកម្មវិធីគ្រាអាសន្នរបស់ WHO បាននិយាយថា ការផ្តោតសំខាន់តែមួយគត់របស់ពិភពលោកនាពេលបច្ចុប្បន្នគឺគួររក្សាការឆ្លងកូវីដ១៩ ឱ្យទាបបំផុតតាមដែលអាចធ្វើទៅបាន។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា "ប្រសិនបើយើងឆ្លាត យើងអាចបញ្ចប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងការស្លាប់និងសោកនាដកម្មដែលទាក់ទងនឹងជំងឺរាតត្បាត" នៅចុងឆ្នាំនេះ។

លោក Michael Ryan និយាយថា WHO ត្រូវបានធានាអះអាងដោយទិន្នន័យកំពុងលេចឡើងជាច្រើនថា វ៉ាក់សាំងដែលមានការអនុញ្ញាតហាក់ជួយទប់ស្កាត់ការរីករាលដាលនៃមេរោគ។

លោកបន្តថា "ប្រសិនបើវ៉ាក់សាំងទាំងនេះចាប់ផ្តើមមានឥទ្ធិពលមិនត្រឹមតែទៅលើការស្លាប់និងមិនត្រឹមតែទៅលើការសម្រាកនៅមន្ទីរពេទ្យប៉ុន្តែថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអនុភាពនៃការចម្លងនិងហានិភ័យនៃការចម្លងតគ្នា បន្ទាប់មកខ្ញុំជឿថាយើងនឹងពន្លឿនឆ្ពោះទៅរកការត្រួតត្រាលើជំងឺរាតត្បាតនេះបាន"។

ប៉ុន្តែលោក Ryan បានព្រមានកុំឱ្យជិះសេះព្រលែងដៃ ដោយនិយាយថាគ្មានអ្វីត្រូវបានធានាក្នុងពេលជំងឺរាតត្បាតកំពុងវិវត្តខ្លួននោះឡើយ៕

-->
adverise with khmeread