យុវជនម្នាក់សង្ស័យមានសតិមិនល្អជិះម៉ូតូបុករថយន្តរងរបួសនៅសង្កាត់ចោមចៅទី១

ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យមានសតិមិនសូវល្អ បានជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងជ្រុលទៅបុករថយន្តម៉ាស្ដាមួយគ្រឿង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងរងរបួសស្រាលរួចនិយាយត្រឡប់ត្រឡិន បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០ យប់ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៧ម៉ែត្រ ជាប់របងវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ 2019 ពាក់ស្លាក លេខតាកែវ 1R-7762 ធ្វើដំណើរតាមបណ្តោយផ្លូវ៧ម៉ែត្រទិសដៅពីលិចទៅកើត។ ខណ:មកដល់កន្លែងកើតហេតុខាងលើបានជ្រុលចង្កូតទៅបុក រថយន្តស៊េរីទំនើបម៉ាកម៉ាស្តាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-0977 ធ្វើដំណើរ បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិច ក៏បុកបញ្ឆិតចំហៀងរថយន្តផ្នែកខាងឆ្វេងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះស្រាប់តែម្ចាស់ម៉ូតូបាននិយាយត្រឡប់ត្រឡិនបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់បងប្អូនជាពលរដ្ឋដូចជាអ្នកសារព័ត៌មានជាច្រើនស្ថាប័នចុះទៅធ្វើការឡាយផ្ទាល់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំម្ចាស់ម៉ូតូទៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសួរនាំ។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread