រថយន្តដឹកខ្សាច់បើកឡើងខឿនចែកទ្រូងផ្លូវបុករះឥដ្ឋការ៉ូឡាបាកបែក និងបង្គោលស្លាកប៉ាណូក្រុមហ៊ុន Smart បាក់អស់១ដើម

ភ្នំពេញ ៖ ឥដ្ឋការ៉ូឡាបានរងការបាក់បែកអស់ជាច្រើន និង ស្លាកប៉ាណូរបស់ក្រុមហ៊ុនSmartបាក់រាបដល់ដីអស់១ដើមទៀត បន្ទាប់ពីមានរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿងបានរេចង្កូតឡើងខឿនចែកផ្លូវជ្រុលទៅបុករះយ៉ាងពេញទំហឹង។ 

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានបើកឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចស្តុបសេះមាស សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-0973 បានធ្វើដំណើរបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច​។

ខណៈមកដល់ចំណុចកើតហេតុខាងលើ ទំនងជាតៃកុងងងុយដេកក៏បានរេចង្កូតទៅខាងធ្វេងដៃឡើងខឿនចែកផ្លូវ ជ្រុលទៅបុកបង្គោលស្លាកប៉ាណូ របស់ក្រុមហ៊ុន Smart បណ្ដាលឱ្យបាក់អស់១ដើម​, ចំណែកឥដ្ឋកាឡានិងខឿនផ្លូវ រងការខូចខាតជាច្រើន តែសំណាងល្អមិនបង្កនរណាម្នាក់រងរបួសនោះទេ ភ្លាមៗអ្នកបើកបរបានបើកទ្វាររថយន្តគេចខ្លួនបាត់​។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញក្រុង ធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក​រង់ចាំដោះស្រាយតាមច្បាប់​៕​

-->
adverise with khmeread