ការស្ទង់មតិមួយបង្ហាញថា ប្រជាជនរុស្ស៊ីជិត២ភាគ៣ជឿថាកូវីដជាអាវុធជីវសាស្ត្រ ហើយប្រជាជនភាគច្រើនខ្លាចកូវីដ

ការសិក្សាថ្មីមួយរកឃើញថា ប្រជាជនរុស្ស៊ីស្ទើរតែ២ភាគ៣ជឿថា វីរុសកូរ៉ូណាគឺជាអាវុធជីវសាស្ដ្របង្កើតឡើងដោយមនុស្ស។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១មីនា។

ប្រជាជនរុស្ស៊ី៦៤ភាគរយបានឆ្លើយតបថា កូវីដ១៩គឺជាមេរោគសិប្បនិម្មិតបង្កើតឡើងជាទម្រង់ថ្មីមួយនៃអាវុធជីវសាស្ដ្រ នេះបើយោងតាមការរកឃើញដោយទីភ្នាក់ងារឯករាជ្យឈ្មោះថា Levada Center។

កាសែត Moscow Times បានរាយការណ៍ថា ជាលទ្ធផលបញ្ចេញកាលពីថ្ងៃចន្ទរកឃើញថា មានតែ២៣ភាគរយប៉ុណ្ណោះដែលជឿថាវីរុសកូរ៉ូណាកកើតឡើងដោយធម្មជាតិ និង១៣ភាគរយទៀតគឺគ្មានចម្លើយ។

យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រជឿថា កូវីដ១៩ទំនងជាមានដើមកំណើតពីសត្វ មុនពេលឆ្លងមកមនុស្ស ប៉ុន្តែទ្រឹស្តីទាក់ទងនឹងប្រភពដើមរបស់វីរុសនៅតែមិនច្បាស់លាស់។

ការស្ទង់មតិរបស់មជ្ឈមណ្ឌល Levada Center ក៏បានរកឃើញដែរនូវទំនាក់ទំនងរវាងករណីឆ្លងប្រចាំថ្ងៃធ្លាក់ចុះយ៉ាងឆាប់រហ័សនៅរុស្ស៊ី និងការភ័យខ្លាចឆ្លងមេរោគក្នុងចំណោមជនជាតិរុស្ស៊ី។

ប្រជាជនរុស្ស៊ីប្រមាណ៥៦ភាគរយបានឆ្លើយតបថា ពួកគេមិនខ្លាចក្នុងការឆ្លងមេរោគនេះទេ ខណៈដែល៤៣ភាគរយគឺខ្លាចឆ្លង។

ថ្វីបើចំនួនអ្នកខ្លាចកូវីដ១៩តិចជាងអ្នកមិនខ្លាចចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ នៅពេលមេរោគរីករាលដាលជាសកលក៏ពិតមែន ក៏ប៉ុន្តែរុស្ស៊ីមិនទាន់ឃើញផ្ទុះមេរោគនេះទ្រង់ទ្រាយធំទប់មិនជាប់នៅឡើយទេ៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត