បាតុករ ១៣ នាក់ថែមទៀតស្លាប់ ខណៈយោធាមីយ៉ាន់ម៉ាចាប់ផ្តើមចាប់អ្នកកាសែតដាក់គុក

យ៉ាងហោចណាស់មានមនុស្ស ១៣ នាក់ត្រូវបានបាញ់សម្លាប់ដោយកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធទី៣មីនា បន្ទាប់ពីពួកគេបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទូទាំងប្រទេស។

ក្រុមគ្រូពេទ្យបាននិយាយថា មនុស្សពីរនាក់ គឺ បុរសម្នាក់និងស្ត្រីម្នាក់បានស្លាប់នៅក្នុងទីក្រុងម៉ាន់ដាឡៃនៅកណ្តាលប្រទេស បន្ទាប់ពីត្រូវបានបាញ់ចំទ្រូងនិងក។

យ៉ាងហោចណាស់មានមនុស្សម្នាក់ត្រូវបានសម្លាប់នៅក្បែរទីក្រុងមីងយ៉ាន ពោលគឺជាយុវជនម្នាក់ដែលគ្រូពេទ្យនិយាយថាបានស្លាប់នៅនឹងកន្លែងបន្ទាប់ពីត្រូវគេបាញ់ចំក្បាល។

មនុស្ស ៥ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងទីក្រុងមូនីវ៉ាដែលស្ថិតនៅកណ្តាលប្រទេសផងដែរ ខណៈមានរបាយការណ៍ជាច្រើនអំពីការស្លាប់បន្ថែមទៀត ទោះបីមិនអាចបញ្ជាក់បានក៏ដោយ។

មនុស្ស ៣ នាក់ទៀតត្រូវបានសម្លាប់នៅក្នុងទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងធំជាងគេរបស់ប្រទេស ខណៈការប៉ះទង្គិចគ្នាបន្តកើនឡើង ស្របពេលមនុស្ស២នាក់ទៀតបានស្លាប់នៅភាគខាងជើងនៃទីក្រុងរ៉ែ "ផាខាន់"។

ក្រុមគ្រូពេទ្យបានបន្ថែមទៀតថាមនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយប៉ូលិស ខណៈក្រុមអ្នកកាសែតត្រូវបានចាប់ខ្លួនពីបទរាយការណ៍ព័ត៌មានរបស់ពួកគេអំឡុងបាតុកម្មប្រឆាំងរដ្ឋប្រហារ និង ត្រូវបានចោទប្រកាន់ក្រោមច្បាប់សន្តិសុខ៕

-->
adverise with khmeread