ជែក ម៉ា ជ្រុះចំណាត់ថ្នាក់ជាបន្តបន្ទាប់ក្នុងបញ្ជីអ្នកមានផុតលេខរបស់ចិន ក្រោយគាត់និយាយពន្លះប្រព័ន្ធច្បាប់ចិនយ៉ាងចាស់ដៃ

បញ្ជីមហាសេដ្ឋីចិន ដែលចេញផ្សាយកាលពីថ្ងៃអង្គារទី២មីនាបានបង្ហាញ ស្ថាបនិកក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Ant Group លោក ជែក ម៉ា បានបាត់បង់តំណែងជាអ្នកមានបំផុតរបស់ចិន បន្ទាប់ពីលោកបង្កការខឹងសម្បាដល់រដ្ឋាភិបាលក្រុងប៉េកាំង ហើយអាណាចក្រជំនួញរបស់លោកត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីនិយតករចិន។

លោកម៉ានិងក្រុមគ្រួសាររបស់គាត់បានឈរនៅទីកំពូលសម្រាប់អ្នកមានបំផុតរបស់ចិននៅក្នុងបញ្ជីមហាសេដ្ឋីចិនហៅថា Hurun Global Rich ក្នុងឆ្នាំ ២០២០ និង ២០១៩ ។

បញ្ជីចុងក្រោយនេះបានបង្ហាញថា ឥឡូវនេះពួកគេស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៤តាមពីក្រោយលោក Zhong Shanshan ជាម្ចាស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ Nongfu Spring លោក Pony Ma ម្ចាស់ក្រុមហ៊ុន Tencent Holding និងលោក Collin Huang ម្ចាស់ក្រុមហ៊ុន Pinduoduo។

របាយការណ៍របស់ Hurun បានលើកឡើងថា ការធ្លាក់ចុះរបស់គាត់ពីចំណាត់ថ្នាក់កំពូលទាំង៣បានកើតឡើង បន្ទាប់ពី "និយតករចិនបានចូលឆែកឆេរក្នុងក្រុមហ៊ុន Ant Group និង Alibaba លើបញ្ហាប្រឆាំងទំនុកចិត្ត"។

បញ្ហាថ្មីៗរបស់លោកម៉ាត្រូវបានបង្កឡើងដោយសុន្ទរកថាមួយរបស់លោកកាលពីថ្ងៃទី ២៤ ខែតុលា ដែលក្នុងនោះលោកបាននិយាយពន្លះលើប្រព័ន្ធច្បាប់របស់ចិន ជាហេតុនាំឱ្យមានការផ្អាក IPO (ការបោះហ៊ុនលក់ជាសាធារណៈលើកដំបូង) តម្លៃ ៣៧ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Ant Group នៅប៉ុន្មានថ្ងៃមុនការចុះបញ្ជីលើផ្សារហ៊ុនជាសាធារណៈរបស់ក្រុមហ៊ុនហិរញ្ញវត្ថុបច្ចេកវិជ្ជាមួយនេះ។

ចាប់តាំងពីពេលនោះមក និយតករបានរឹតបន្តឹងការត្រួតពិនិត្យលើបញ្ហាប្រឆាំងទំនុកចិត្តលើវិស័យបច្ចេកវិជ្ជារបស់ប្រទេស ដោយក្រុមហ៊ុន Alibaba រងទុក្ខធំជាងគេ។ និយតករទីផ្សារបានបើកការស៊ើបអង្កេតអំពីការប្រឆាំងទំនុកចិត្តជាផ្លូវការលើក្រុមហ៊ុន Alibaba កាលពីខែធ្នូ។

ការបង្ក្រាបលើក្រុមហ៊ុន Alibaba បានធ្វើឱ្យសហគ្រិនធ្លាប់ជាទីស្រឡាញ់បំផុតមួយរបស់ចិនធ្លាក់កូដជាខ្លាំង។ 

និយតករចិនក៏បានចាប់ផ្តើមរឹតបន្តឹងកណ្តាប់ដៃលើវិស័យហិរញ្ញវត្ថុបច្ចេកវិជ្ជាផងដែរ និង បានស្នើសុំឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ Ant ច្របាច់មុខជំនួញមួយចំនួនរបស់ខ្លួនទៅជាក្រុមហ៊ុនកាន់កាប់ហិរញ្ញវត្ថុតែមួយដើម្បីជាប់ក្នុងបទប្បញ្ញត្តិដូចក្រុមហ៊ុនហិរញ្ញវត្ថុប្រពៃណីដែរ។

ក្រោយមកជែក ម៉ាបានបាត់ខ្លួន៣ខែ ជាហេតុនាំឱ្យសាធារណជនដាក់ការសង្ស័យថាតើគាត់បាត់ទៅណា។ គាត់ស្រាប់តែលេចមុខវិញយ៉ាងភ្ញាក់ផ្អើលនៅខែមករា ជាមួយឃ្លីបវីដេអូរយៈពេល ៥០ វិនាទី៕

-->
adverise with khmeread