រថយន្ត២គ្រឿងបើកបុកគ្នាជ្រុលបុកម៉ូតូរបួសស្ត្រីជាកម្មការិនី២នាក់

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងរវាងរថយន្តនិងរថយន្តបន្តបុកម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់០២នាក់ ខូចខាតធ្ងន់ម៉ូតូ០១គ្រឿងនិងរថយន្ត០២គ្រឿង​ កើតឡើងនាថ្ងៃពុធ ទី៣មីនាឆ្នាំ២០២១​ វេលាម៉ោង៤និង០៥​នាទីល្ងាចលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ​៤៥-៤៦ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា​ ដំបូងមានរថយន្ត០១គ្រឿង ម៉ាក HYUNDAI ប្រភេទដឹកទំនិញធុនធំ ពណ៌ស ផ្លាកលេខព្រះសីហនុ 3A-4933​ អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) រថយន្តខូចខាតស្រាលបើកបរមានទិសដៅពីអ្នកលឿង ទៅភ្នំពេញ។

ខណៈពេលបើកមកដល់កចំណុចកើតហេតុ ​បានបុកពីក្រោយរថយន្ត០១គ្រឿងម៉ាក ISUZU ​ប្រភេទរថយន្តបែនដឹកដីធន់តូចពណ៌ខៀវគ្មានផ្លាកលេខអ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ធ្វើឱ្យរថយន្តដឹកដីធុនតូចខ្ទាត ទៅបុក ជាមួយម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅផ្លាកលេខកណ្តាល 1AD-4536 បើកបរដោយឈ្មោះ ស៊ន ស៊ីនួន ភេទស្រី អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ​(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះឡេង ឆវ័ន្ត ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសស្រាល)​ ត្រូវបានបញ្ជូនទៅមណ្ឌុលសុខភាពឃុំសំរោងធំ ដែលបើកមានទិសដៅភ្នំពេញទៅ អ្នកលឿង។

ចំណែករថយន្តខូចខាត០២គ្រឿង និងម៉ូតូខូចធ្ងន់០១គ្រឿង ត្រូវបានកម្លាំងប៉ូលិសជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែង និងយកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចថា​ «អ្នកបើករថយន្តបែនធ្វេសប្រហែសមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ថ្នល់។ ចំណែកអ្នកបើករថយន្តដឹកទំនិញធុនធំ ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន មិនបានពិនិត្យស្ថានភាពខាងមុខមានឧបសគ្គ»៕
 

-->
adverise with khmeread