ប៉ូលិសខណ្ឌដង្កោបានឃាត់ខ្លួនគូស្នេហ៍ពីរនាក់​លួចលុយ ៥៦០០ ដុល្លារអាមេរិក

ភ្នំពេញ​ ៖​ គូស្នេហ៍ពីរនាក់​ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះសំណាក់ជ័យមង្គល ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោយពីប្រព្រឹត្តអំពើលួចលុយចំនួន៥៦០០ដុល្លារអាមេរិក និងរក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១០ និង៤៥នាទី ត្រង់ចំណុចសួនច្បារបុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឈន កុម្ភា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ផ្លូវសុកហុក សង្កាត់មនោរម្យ ខណ្ឌ៧មករា។ឯជនសង្ស័យ២នាក់ជាគូស្នេហ៍នឹងគ្នា ឈ្មោះ ស៊ឹម ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៥១L ផ្លូវលេខ២ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់- ខណ្ឌដង្កោ និង ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនសង្ស័យទាំងពីរនាក់មានសារធាតុញៀនក្នុងខ្លួន។
​ 
វត្ថុតាងចាប់យក ១-ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាក លេខភ្នំពេញ 1IR-4235, ២-ក្រមពណ៌សថ្លាចំនួន០៤កញ្ចប់ថង់ (កញ្ចប់ធំល្មមចំនួន០១ និងកញ្ចប់ថង់តូចចំនួន០៣) និង០៣-សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ចំណែកសម្ភារ: បាត់បង់លុយចំនួន ៥៦០០ដុល្លារអាមេរិក (ប្រាំបីពាន់មួយរយដុល្លារអាមេរិក) និងឯកសារផ្សេងៗមួយចំនួន។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក ជនរងគ្រោះឈ្មោះ ឈន កុម្ភា ភេទប្រុស អាយុ២៨ឆ្នាំ បានជិះម៉ូតូម៉ាកហ្សូម័រ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1GU-0914 ឌុបគូដណ្តឹងឈ្មោះ បូ សុដាលីន ភេទស្រី អាយុ២៤ឆ្នាំ ចេញពីផ្ទះជួល ផ្លូវសុកហុក សង្កាត់មនោរម្យ ខណ្ឌ៧មករា រួចជនរងគ្រោះមានស្ពាយសាក់កាដូ ពណ៌ខ្មៅមកជាមួយ ហើយនៅក្នុងសាក់កាដូនោះមានលុយចំនួន ៥៦០០ ដុល្លារ (ប្រាំពាន់ប្រាំមួយរយដុល្លារអាមេរិក) និង ឯកសារផ្សេងៗ។

ពេលនោះជនរងគ្រោះជិះម៉ូតូឌុបគ្នាដើម្បីទៅបុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ តាមផ្លូវលេខ២១៧ ពីជើងទៅត្បូង ដោយសារជនរងគ្រោះពុំស្គាល់ បុរីហុកឆេងថា «នៅកន្លែងណាច្បាស់លាស់ ហើយក៏វង្វេងចូលមកដល់បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់- ខណ្ឌដង្កោ» ។ 

ប៉ុន្តែពេលជនរងគ្រោះបានជិះម៉ូតូ ចូលបុរីលឹមឈាងហាក់ មេឃក្តៅខ្លាំងពេកក៏បានឈប់ម៉ូតូ ហើយអង្គុយលេងលើ ទោងតាមសួនច្បាររបស់បុរីលឹមឈាងហាក់ រួចក៏បានដោះសាក់កាដូទុកនៅលើកៅអីទោង ហើយអង្គុយរយៈពេល០៥នាទី ឈ្មោះ បូ សុដាលីន ប្រាប់ថា បងយើងវង្វេងបុរីហើយ ជនរងគ្រោះក៏បានស្ទុះឡើងបើកម៉ូតូឌុបគ្នា បន្តដំណើរទៅទៀត ហើយក៏ភ្លេចយក សាក់កាដូនោះមកជាមួយ។ 

បន្ទាប់មកជនរងគ្រោះបើកម៉ូតូឌុបគ្នាទៅដល់បុរីហុកឆេង ចូលផ្ទះមិត្តភក្កិរបស់គូដណ្ដឹងយកខោអាវឱ្យគូដណ្ដឹងរួច ក៏បើកម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះជួលវិញ។ តែពេលជិះម៉ូតូដល់ផ្សារស្ទឹងមានជ័យថ្មី ជនរងគ្រោះក៏បាននឹកឃើញថាភ្លេច សាក់កាដូដែលដាក់លុយនោះនៅលើ ទោង បុរីលឹមឈាងហាក់។ ហើយជនរងគ្រោះក៏បានបើកម៉ូតូត្រឡប់មកវិញ ស្រាប់តែបាត់សាក់កាដូដែលទុកនៅលើទោង រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍។

សមត្ថកិច្ច ក៏បានចុះទៅដល់ កន្លែងកើតហេតុ ឆែកមើលកាមេរ៉ាសុវត្ថិភាពរបស់បុរីលឹមឈាងហាក់ និងរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ស្រាប់តែឃើញជនសង្ស័យចំនួន០២នាក់ ឈ្មោះ ស៊ឹម ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ និងឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ (ពួកគេទាំង០២នាក់ជាសង្សានឹងគ្នា) បានបើកមើលសាក់កាដូរបស់ជនរងគ្រោះឃើញលុយ ក៏បានលួចយកសាក់កាដូរនោះ ហៅម៉ូតូកង់បីឥណ្ឌា នាំគ្នា ជិះគេចខ្លួនចេញ នៅវេលាម៉ោង១០ និង៤៥នាទី ថ្ងៃខែឆ្នាំដដែល។ 

បន្ទាប់មកសមត្ថកិច្ចបានសួរនាំសន្តិសុខម្នាក់ឈ្មោះ ពុំ សុផល ភេទប្រុស អាយុ៥២ឆ្នាំ បានដឹងថា ជនសង្ស័យឈ្មោះ ស៊ឹម ស្រីអូន ស្នាក់នៅផ្ទះជួលលេខ ៥១L ផ្លូវលេខ២ បុរីលឹម ឈាងហាក់ ភូមិម័ល សង្កាត់-ខណ្ឌដង្កោ ហើយដឹងថា ជនសង្ស័យពីរនាក់នោះ ប្រើលេខទូរសព្ទ ០៦៩ ៧៧៧ ២៤១ និងលេខផ្ទះ រួចកម្លាំងសមត្ថកិច្ចបានទៅដល់ផ្ទះជនសង្ស័យខាងលើ តែពួកគេបាននាំគ្នាគេចខ្លួនចេញពីផ្ទះបាត់អស់។ 

ក្រោយមកសន្តិសុខ ឈ្មោះ ពុំ សុផល បានប្រើទូរស័ព្ទលេខ ០៩៦ ៧៨៥៣០០៥ ទូរស័ព្ជចូលទៅ លេខ ០៦៩ ៧៧៧ ២៤១ ជនសង្ស័យឈ្មោះ ស៊ឹម ស្រីអូន ទទួលឆ្លើយថា រូបគេពិតជាបានរើសយកសាក់កាដូខាងលើប្រាកដមែន ហើយជនរងគ្រោះក៏បានសុំយកសាក់កាដូនិងឯកសារផ្សេងៗ តែជនសង្ស័យឆ្លើយគេចវេស មិនព្រមប្រគល់ឱ្យវិញទេ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹង ទៅលើជនសង្ស័យ ទាំង០២នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តងទៅ៕


 

-->
adverise with khmeread