ឃាត់ខ្លួនជនសង្ស័យ៣នាក់គាស់ផ្ទះលួចទ្រព្យសម្បត្តិនៅខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចគាស់ទម្លុះទម្លាយបង្អួចចូលក្នុងផ្ទះ នៅចំណុចបណ្តោយផ្លូវលេខ៥ ក្រុមទី៥ ភូមិ ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទីព្រឹក ក្រោយពីពួកគេបានធ្វើសកម្មភាពកាលពី៤ថ្ងៃកន្លងមក។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យ៉េត ច័ន្ទសីលា ភេទប្រុស អាយុ៤០ឆ្នាំមុខរបរមន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ១A ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ 

ចំណែកជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ម៉ៅ ស៊ីម៉េង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ, ២-ឈ្មោះ ស៊ុម ធី ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ និង៣-ឈ្មោះ ហ្វី សឹកគ្រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀនទាំង៣នាក់)។ ដកហូតម៉ូទ័របាញ់វីសចំនួន ០១និងខ្សែភ្លើងមួយដុំ។

ប៉ូលិសបន្តថា នៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង២រសៀល ​ជនរងគ្រោះបានចាក់សោផ្ទះត្រឹមត្រូវរួចបានចេញទៅក្រៅបាត់។ លុះស្អែកឡើងបានត្រឡប់មកផ្ទះវិញ ឃើញរបងផ្ទះចំហនិងបង្អួចឃើញស្នាមគាស់បាក់ចំរឹងដែក ជនរងគ្រោះបានចូលទៅមើលសម្ភារ:ក្នុងផ្ទះមានសភាពរាត់រាយ រើកកាយបានបាត់សម្ភារៈមួយចំនួនក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍។

ក្រោយទទួលបណ្តឹងសមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រួមជាមួយវត្ថុតាងនៅចំណុចភូមិ៣ សង្កាត់ច្រាំង១ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទីព្រឹក ក៏បាននាំយកមកប៉ុស្តិ៍ធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread