កំពុងជិះម៉ូតូចេញពីផ្ទះបងសុខៗ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូច្រើនគ្រឿងដេញកាប់និងបាញ់ប្រហារដោយកាំភ្លើងខ្យល់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយកាំភ្លើងនិងផ្លែដាវ ដេញបាញ់និងកាប់ ទៅលើយុវជន៣នាក់កំពុងជិះម៉ូតូមួយគ្រឿងនៅតាមដងផ្លូវ សំណាងល្អមិនចំត្រូវ តែបណ្ដាលឱ្យដួលម៉ូតូរបួសពេញខ្លួន ផ្អើលដល់សមត្ថកិច្ចពីរខណ្ឌចេញអន្តរាគមន៍ដេញចាប់តែពួកគេរត់អស់។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០១១ ក្បែរសាលាបឋមសិក្សា ហ៊ុន សែន សាមគ្គី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាប់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគេទាំង៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1AP.5822 ទើបនឹងចេញមកពីលេងផ្ទះបងក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ នៅឯខណ្ឌច្បារអំពៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១១ ក្នុងទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុខាងលើ ​ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដាវ និងកាំភ្លើងមួយដើមមិនចាំម៉ាកជិះមកកៀរឱ្យពួកគេឱ្យឈប់រួចទាញដាវកាប់និងដកកាំភ្លើងបាញ់២ ទៅ៣ គ្រាប់ដោយមិនឮសំឡេង(សង្ស័យតែកាំភ្លើងប្រើខ្យល់)សំណាងល្អមិនត្រូវ។

ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះពួកគេភ័យស្លន់ស្លោបានដួលម៉ូតូរងរបួសពេញខ្លួន រួចក៏នាំគ្នារត់យកឱ្យរួចខ្លួនសិន  ខណៈនោះក៏ជួបកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យកំពុងល្បាតក្នុងមូលដ្ឋានឃើញហេតុការណ៍នេះក៏នាំគ្នាចេញអន្តរាគមន៍ និងសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ដេញចាប់ជនសង្ស័យភ្លាមៗ តែជនសង្ស័យបានបំបែកគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានប្រគល់ជនរងគ្រោះនិងម៉ូតូឱ្យទៅកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខយកទៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងដើម្បីធ្វើការសួរនាំបន្ត៕

-->
adverise with khmeread