បញ្ជូនសង្ស័យ៨នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ​ ៖​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៨នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៣ករណីផ្សេងគ្នា។

មន្ត្រីអាវុធហត្ថនិយាយថា​ កិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន​ ករណីទី១-នៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី០២ ខែមីនា  ឆ្នាំ២០២១ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលបានឃាត់ខ្លួនជាក់ស្តែងជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចរោងស្នាក់នៅកម្មករសំណង់ ស្ថិតក្នុងភូមិ ថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។

មន្ត្រីដដែលបន្តថា​ ជនសង្ស័យឈ្មោះ ម៉ៃ ភីន (ហៅអឹម) ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ករណីទី២-នៅវេលាម៉ោង១១​ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូត៍មួយកន្លែង ភូមិដើគរ សង្កាត់-ខណ្ឌជ្រោយចង្វារ។

មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យទាំង៥នាក់រួមមាន​  ១-ឈ្មោះ មឿន វណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ, ២-ឈ្មោះ ពុំ យឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់- ខណ្ឌជ្រោយចង្វារ, ៣-ឈ្មោះ រិន ដាវ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វារ, ៤-ឈ្មោះ កង អូន ហៅតឿ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់,ខណ្ឌជ្រោយចង្វារ និង៥-ឈ្មោះ អោប ខួច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វារ។

ចំណែកករណីទី៣-នៅវេលាម៉ោង៣ និង២០​នាទី រសៀលថ្ងៃទី០៣  ខែមីនា ឆ្នាំ២០២១ ​កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានឃាត់ខ្លួនជាក់ស្តែងជនសង្ស័យ២នាក់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិ តាកេរ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល​។

មន្ត្រីអាវុអាហត្ថនិយាយថា​ ជនសង្ស័យទាំង០២នាក់រួមមាន​ ១-ឈ្មោះ ជា ​សោ ​ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិនពិត បច្ចុប្បន្នស្នាក់នៅភូមិតាកេរ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល និង២-ឈ្មោះ ភួង សំអុល ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ អង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចាប់យកវត្ថុតាងគ្រឿងញៀន៤៥កញ្ចប់តូចធំ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួន​ ​ហើយបញ្ជូនទៅតុលាការនារសៀលថ្ងៃទី៤មីនានេះ៕

-->
adverise with khmeread