ការព្រមានអំពីរលកយក្សស៊ូណាមីត្រូវបានដកចេញវិញ ក្រោយរញ្ជួយដីដ៏ធំវាយប្រហារនូវែលសេឡង់

ការរញ្ជួយដីដ៏ខ្លាំងក្លាចំនួន ៣ លើកបានវាយប្រហារឆ្នេរសមុទ្រប្រទេសនូវែលសេឡង់នៅថ្ងៃសុក្រនេះ ដោយបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមីដែលក្រោយមករលត់បាត់ទៅវិញ។

ការបញ្ជាជម្លៀសប្រជាជនចេញត្រូវបានប្រកាសសម្រាប់ប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរនៃកោះខាងជើងបន្ទាប់ពីការរញ្ជួយដីលើកទីបី និងខ្លាំងបំផុត។

ទីភ្នាក់ងារគ្រាអាសន្នជាតិបានព្រមានពីការគំរាមកំហែងពីរលកយក្សស៊ូណាមីនៅតាមបណ្តោយឆ្នេរខាងកើត។

មានសេចក្តីរាយការណ៍អំពីភាពវឹកវរនៅតាមទីប្រជុំជនមួយចំនួន ខណៈដែលមនុស្សរាប់រយនាក់បានព្យាយាមទៅរកទីទួលខ្ពស់។

ប៉ុន្តែមកដល់រសៀលថ្ងៃសុក្រនេះ (ម៉ោងនៅនូវែលសេឡង់) អាជ្ញាធរបាននិយាយថា រលកធំបំផុតបានកន្លងផុតទៅហើយ។ អ្នកស្រុកត្រូវបានប្រាប់ថាពួកគេអាចត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវបានព្រមានមិនឱ្យនៅតំបន់ឆ្នេរសមុទ្រទេ។

កោះ New Caledonia និង Vanuatu នៅសមុទ្រប៉ាស៊ីហ្វិកខាងត្បូងក៏ត្រូវបានព្រមានឱ្យត្រៀមសម្រាប់រលកយក្សស៊ីណាមីគ្រោះថ្នាក់ផងដែរ។

ឆ្នេរសមុទ្ររបស់ពួកគេអាចមើលឃើញរលកកើនឡើងដល់ ៣ ម៉ែត្រ ខណៈដែលផ្នែកខ្លះនៃអាមេរិកខាងត្បូងរួមទាំងប្រទេសប៉េរូ អេក្វាឌ័រ និងឈីលីត្រូវបានព្រមានថាពួកគេអាចមើលឃើញរលក ១ ម៉ែត្រឈានដល់ឆ្នេរសមុទ្ររបស់ពួកគេ។

មជ្ឈមណ្ឌលព្រមានស៊ូណាមីប៉ាស៊ីហ្វិកមានមូលដ្ឋាននៅរដ្ឋហាវ៉ៃបាននិយាយថា "រលកយក្សស៊ូណាមីត្រូវបានសង្កេតឃើញ" ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការខូចខាតនៅឡើយទេ៕ ប្រភព ៖ BBC

-->
adverise with khmeread