ពួកចោរគាស់ទ្វាររបងផ្ទះពលរដ្ឋលួចម៉ូតូអស់២គ្រឿងនៅសង្កាត់ព្រែកប្រា

ភ្នំពេញ​ ៖ ពួកចោរមួយក្រុមបានធ្វើសកម្មភាពឆ្កឹះគន្លឹះទ្វាររបងដែក ចូលលួចម៉ូតូ​២គ្រឿង យកទៅបាត់ បង្កការភ្ញាក់ផ្អើលកាលពីចន្លោះម៉ោងប្រហែល១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចអតីតផ្ទះលក់កាហ្វេយីហោ “ណេណេ” ផ្ទះលេខ៦៧៧ លើផ្លូវ៣៦៩ ភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ​។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូ២គ្រឿងដែលចោរលួចយកទៅបាត់នោះមានម្ចាស់២ផ្សេងគ្នា គឺទី១-ជនរងគ្រោះឈ្មោះ​ ប៉ាង​ ភារុំ​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ម្ចាស់ម៉ូតូម៉ាកហុងដា​ហ្សូមម័រអ៊ិច (Honda Zoomer-X) ពណ៌សលាយទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-1792 និងទី២-ជនរងគ្រោះឈ្មោះ​ ណាន​ វណ្ណៈ​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជាម្ចាស់ម៉ូតូម៉ាក​ ស៊ុយសូគីស្មាស់ (Suzuki Smash) ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ​ 1BZ-2494។ ម្ចាស់ម៉ូតូទាំងពីរខាងលើ ស្នាក់នៅផ្ទះកើតហេតុ ជាមួយគ្នា​។

តាមសម្តីនារីម្នាក់ដែលជាកូនស្រីម្ចាស់ផ្ទះមិនបានប្រាប់ឱ្យដឹងថា ជនសង្ស័យមានគ្នាច្រើននាក់បានធ្វើសកម្មភាព លើកគន្លឹះទ្វាររបងដែក រួចលូកដៃបើកសោរបងចូលបាន ខណៈបងប្រុសរបស់គាត់មិនបានកឹបសោទេ​គ្រាន់តែទាញទ្វារបិទហើយ​ខ្ទាស់គន្លឹះទ្វារដូចធម្មតាប៉ុណ្ណោះ ហើយចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹក ដោយមិនចាប់អារម្មណ៍ថា​ មានចោរមកធ្វើសកម្មភាពបែបនេះឡើយ។ 

លុះពេលបងប្រុសរបស់គាត់ងូតទឹករួច ទើបដឹងថាបាត់ម៉ូតូអស់២គ្រឿង ក្នុងចំណោមម៉ូតូ១០គ្រឿង។ ភ្លាមៗពួកគាត់បាននាំគ្នាជិះម៉ូតូរកមើល​ជុំវិញភូមិដែរ​ តែរកមិនឃើញឡើយ ទើបនាំគ្នាផ្ដល់ដំណឹងទៅសមត្ថកិច្ច និងដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលព្រែកប្រា​ នៃ អធិការដ្ឋានខណ្ឌច្បារអំពៅ ជួយតាមរក​មុខនិងចាប់ក្រុមជនសង្ស័យ​មកផ្តន្ទាទោស៕

-->
adverise with khmeread