កើត​មកមុខអាក្រក់ពេកពិបាករកការងារធ្វើ ដល់ពេលទៅកែសម្ផស្សបែបនេះ បានធ្វើការសុទ្ធតែជាមួយតារាល្បីនៅវៀតណាម!

បុរសជនជាតិវៀតណាមអាយុ ២៦ ឆ្នាំម្នាក់បានអះអាងថាបានកែមុខមាត់របស់គាត់ទាំងស្រុងដោយមានជំនួយពីការវះកាត់កែសម្ផស្ស បន្ទាប់ពីត្រូវគេសើចចម្អកអំឡុងពេលសម្ភាសន៍ការងារដោយសារតែមុខមាត់អាក្រក់ពីកំណើតរបស់គាត់។

អ្នកលេងបណ្ដាញសង្គម TikTok ឈ្មោះ Đỗ Quyền កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមអាស៊ីមួយនេះ បន្ទាប់ពីបានបង្ហោះរូបថតនូវអ្វីដែលគាត់អះអាងថាជាអតីតខ្លួនឯងមុនពេលធ្វើការវះកាត់កែសម្ផស្សចំនួន ៩ ដង។ ក្រឡេកមើលភាពខុសគ្នានៃរូបរាងចាស់និងរូបរាងឥឡូវរបស់គាត់ វាងាយយល់ថាហេតុអ្វីធ្វើឱ្យមនុស្សភ្ញាក់ផ្អើល។ បុរសនោះមើលទៅដូចជាមនុស្សពីរផ្សេងគ្នាទាំងទម្រង់មុខ ច្រមុះ និងភ្នែក។ លោកអះអាងថាលោកងាកមកធ្វើការវះកាត់កែសម្ផស្ស បន្ទាប់ពីព្យាយាមរកការងារធ្វើមិនបាន ហើយត្រូវបានអ្នកសម្ភាសន៍សើចចម្អកព្រោះតែរូបសម្រស់មើលទៅអត់ហុងស៊ុយ។

គេអាចនិយាយបានថា ប្រសិនបើរូបថតទាំងនេះមុននិងក្រោយត្រូវបានចែករំលែកដោយនរណាម្នាក់ផ្សេងទៀតក្រៅពី Đỗ Quyền គេពិបាកនឹងជឿថាពួកគេជាមនុស្សតែមួយណាស់។ តាមពិតសូម្បីតែ Đỗ ក៏ត្រូវដោះស្រាយជាមួយនឹងការសង្ស័យជាច្រើនពីមនុស្សដែលមិនជឿថាជាគាត់ដែរ។

បុរសវ័យក្មេងដែលបច្ចុប្បន្នជាអ្នកតុបតែងមុខឱ្យតារាសិល្បៈនៅទីក្រុងហូជីមិញ បាននិយាយលើ TikTok របស់គាត់ថា គាត់ចំណាយប្រាក់ប្រមាណ ៤០០ លានដុង (១៧.៤០០ ដុល្លារ) លើការវះកាត់កែសម្ផស្សធំៗចំនួន ៩ រួមមានការវះកាត់កែច្រមុះ កែចង្ការ កែធ្មេញឱ្យត្រង់ កែបបូរមាត់ កែត្របកភ្នែកពីរជាន់ និងការផ្សាំបបូរមាត់។

និយាយអំពីមូលហេតុដែលគាត់ងាកទៅធ្វើការវះកាត់កែសម្ផស្ស បុរសវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថា មុខមាត់របស់គាត់ពីមុនធ្វើឱ្យគាត់ពិបាករកការងារធ្វើ ហើយបន្ទាប់ពីត្រូវគេមើលងាយក្នុងពេលសម្ភាសន៍ការងារ គាត់ក៏បានសម្រេចថាដល់ពេលត្រូវធ្វើការ​ផ្លាស់​ប្តូ​រ។ គ្រួសាររបស់គាត់មិនសូវមានលុយកាក់ទេ ដូច្នេះគាត់ត្រូវសន្សំលុយដោយខ្លួនឯងដើម្បីកែសម្ផស្ស៕

-->
adverise with khmeread