រថយន្តដឹកទំនិញវ៉ាជែងជ្រុលបុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈកំពុងជិះម៉ូតូសុខៗត្រូវរថយន្តធុនធំបុក កើតឡើងកាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចមុខច្រកចូលបុរីសង្ឃឹមថ្មី ក្នុងភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា យុវជនខាងលើឈ្មោះ កាន សុខគង់ អាយុ២១ឆ្នាំ មុខរបរលក់កាហ្វេប្រេម រស់នៅភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កណ្តាល1AJ-0821។ ចំណែករថយន្ត ម៉ាក NISSAN UD1400 ប្រភេទរថយន្តដឹកទំនិញធុនធំ ពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-0531 បើកដោយបុរសម្នាក់ បានរត់គេចបាត់។ 

ប្រភពបន្តថា ដំបូងគេឃើញយុវជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន, ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កបើកមកពីលិចក្នុងល្បឿនលឿន វ៉ាជែងរថយន្តមួយគ្រឿងទៀត ចូលចំណែកផ្លូវខាងឆ្វេង (ផ្លូវម៉ូតូ) បានជ្រុលមកបុកម៉ូតចំពីមុខពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់តែម្ដង។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរណ៍រាជធានីភ្នំពេញ។ ចំណែកសាកសពត្រូវសាច់ញាតិ ដឹកយកទៅភូមិកំណើត ធ្វើបុណ្យតាមប្រពៃណី៕ 


 

-->
adverise with khmeread