រថយន្តដឹកត្រីបើកលឿនពេកបុករថយន្ត FUSO ពីក្រោយពេញទំហឹងបណ្តាលឱ្យតៃកុងនិងព្រូរបួសធ្ងន់នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ តៃកុងនិងព្រូរងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តកូរ៉េ១តោនកន្លះដឹកត្រីលឿនពេកជ្រុលទៅបុករថយន្តធុនធំសណ្តោងរ៉ឺម៉ក ហៅ (5ភ្លៅ) ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៩ និង៣០ នាទីយប់ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ (មហាវិថីវិមានឈ្នះ ឈ្នះ) ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តធុនធំម៉ាក FUSO ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-2784 ជាប្រភេទរថយន្តសណ្ដោងរ៉ឺម៉ក ស្លាកលេខខាងក្រោយកំពង់ចាម 4A-0470 បានបើកតាមបណ្ដោយផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម។

ខណ:បើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកូរ៉េ ម៉ាកKIA ១តោនកន្លះ ស៊េរីឆ្នាំ២០០៤ ជាប្រភេទរថយន្តដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2AJ-9751 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយព្រូម្នាក់ទៀត បើកតាមបណ្ដោយផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នាយ៉ាងលឿន ហើយមកបុករថយន្តធុនធំខាងលើពីក្រោយពេញទំហឹងបណ្ដាលឱ្យតែកុងនិងព្រូបានកៀបជាប់រងរបួសធ្ងន់។

ភ្លាមៗត្រូវបានប្រជាពលរដ្ឋ ក៏ដូចរថយន្តសង្គ្រោះមកគាស់យកតែកុងនិងព្រូទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។បន្ទាប់មកគេឃើញតៃកុងរថយន្តធុនធំ បានបើកទ្វារចុះរត់គេចខ្លួនចេញពីកន្លែងកើត ហេតុបាត់តែម្តង។ ក្រោយមកគេក៏ឃើញខាងភាគីរថយន្តដឹកត្រីមានគ្នាបើករថយន្តមកសាងយកត្រីយកទៅលក់បន្ត ទុករថយន្តបង្កនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread