លួចម៉ាស៊ីនអាឈើនិងដែកឡាបរថយន្ត បាន២ថ្ងៃត្រូវប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន ថ្ងៃទី០៥ មីនា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ បន្ទាប់ពីបានធ្វើសកម្មភាពលួចយកម៉ាស៊ីនអាឈើ និងដែកឡាបរថយន្ត នៅផ្ទះលេខ៩២  ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០៣ មីនា ឆ្នាំ២០២១ វេលាម៉ោង១១យប់កន្លងទៅ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឈឹម រស់ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាស៊ីន ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ អ៊ុន ភិរម្យរិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិកើតហេតុ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ាស៊ីនអាឈើ០១គ្រឿង និងដែកឡាបរថយន្ត៣ដើម នៅក្រោមផ្ទះរួចឡើងដេកលើផ្ទះ ,ស្រាប់តែជនសង្ស័យដើរមកលួចយក ម៉ាស៊ីនអាឈើ និងដែកខាងលើគេចខ្លួនបាត់តែម្តង។ 

លុះដល់ថ្ងៃទី០៥ មីនា ឆ្នាំ២០២១ វេលាម៉ោង១២ ជនសង្ស័យយកដែក០៣ដើមខាងលើទៅរកលក់ឱ្យគេ ក៏ត្រូវបានជនរងគ្រោះឃើញរាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងដែក០៣ដើម រួចនាំជនសង្ស័យទៅផ្ទះជួល ដកហូតបានម៉ាស៊ីនអាឈើ០១ គ្រឿងជារបស់ជនរងគ្រោះ និងកូនសោ, កន្រ្តៃ, ដង្កាប់, ទួណឺវ៉ីស មួយចំនួនទៀត រួចបញ្ចូនមក អធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕


 

-->
adverise with khmeread