កំពង់ស្ពឺ ៖ កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចយកម៉ូតូ១គ្រឿង នៅចំណុចរោងចក្រវេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១១ ថៃ្ងទី០៥ ខែមិនា ឆ្នាំ២០២១ បន្ទាប់ពីបានយកម៉ូតូរបស់ខ្លួនទៅបញ្ចាំហើយគ្មានលុយលស់។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ម៉ែន ណាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IA-2490 ជារបស់ឈ្មោះ ជឿន ចាន់សុខហេង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៤ល្ងាច នៅកន្លែងផ្ញើម៉ូតូក្នុងរោងចក្រវេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីបាត់ម៉ូតូមួយគ្រឿង ដោយមានការសង្ស័យទៅនឹងយុវជនម្នាក់តាមរយៈកាមេរ៉ាសុវត្ថិភាពភាព។ ក្រោយពិនិត្យនិងស្រាវជ្រាវអស់រយៈពេលជាង១៥ម៉ោង សមត្ថកិច្ចកំណត់មុខសញ្ញា សង្ស័យបាន និងឈានទៅធ្វើការឃាត់ខ្លួនរកឃើញវត្ថុតាងម៉ូតូមួយគ្រឿង ដែលជារបស់ជនរងគ្រោះមកវិញ។
សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យបានយកម៉ូតូរបស់ខ្លួនទៅធ្វើការបញ្ចាំ និងគ្មានប្រាក់លោះយកមកវិញ ដោយខ្លាចម្ដាយស្ដីបន្ទោសខ្លួនបានរកវិធីលួចយកម៉ូតូអ្នកដទៃដើម្បីយកទៅផ្ទះបន្លំកុំឱ្យអាណាព្យាបាលដឹង។ ចៃដន្យពេលខ្លួនចេញមកក្បែររោងផ្ញើម៉ូតូ ស្រាប់តែឃើញម៉ូតូខាងលើទុកចោលមានសោជាប់ស្រាប់ ខ្លួនបានធ្វើសកម្មភាពលួចយកតែម្ដង។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងម៉ូតូមួយគ្រឿង ត្រូវបានផ្នែកព្រហ្មទណ្ឌអធិការដ្ឋានកំពុងធ្វើការសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ការតាមនីតិវិធី៕
