គ្រោះថ្នាក់ចរាចរណ៍២លើករបួសបាក់ជើងម្នាក់និងក្រឡាប់រថយន្តមួយគ្រឿងនៅស្រុកបាកាន

ពោធិ៍សាត់ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា បណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់និងខូចខាតរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២១ នៅភូមិសាស្ត្រឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ករណីទី១-មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង៥ និង៤២នាទីថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២១ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់រវាងរថយន្តនិងម៉ូតូបណ្តាលឱ្យបុរសម្នាក់របួសបាក់ជើង។

ប៉ូលិសនិយាយថា ដំបូងមានម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី2016 ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់ 1G-0254 បើកបរទិសដៅពីជើងទៅត្បូងបើកបរដោយឈ្មោះ កាន់ គៀន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបាកាន ឃុំត្រពាំងជង។

ប៉ូលិសបន្តថា លុះមកដល់ចំណុចខាងលើបានគេចលូសុវត្ថិភាពជ្រុលចូលទៅបុករថយន្តម៉ាកហ៊ីយិនដាយ ពណ៌សពាក់ស្លាកលេខ​ ភ្នំពេញ 3E-2247 មកពីជើងទៅត្បូងបណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងឆ្វេងធ្ងន់។ចំពោះអ្នកបើកបររថយន្តបានគេចខ្លួនបាត់។ ឯជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។

ករណីទី២-មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់នៅចំណុចលើផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ២០៧-២០៨ស្ថិតនៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កើតឡើងនៅវេលាម៉ោង៧ និង១០នាទីនាថ្ងៃដដែល។

ប៉ូលិសនិយាយថា គ្រោះថ្នាក់ខាងលើបង្កដោយរថយន្តម៉ាក STERLING ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-0797 បើកបរក្នុងទិសដៅពីកើតទៅលិចដោយឈ្មោះ ប៊ូ សារឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃស្នួល ឃុំកក់ ស្រុកបរសេដ្ឋ ​ខេត្តកំពង់ស្ពឺ។ លុះបើកបរដល់ចំណុចកើតហេតុខាងលើបានធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់មកខាងជើងផ្លូវតែម្តង តែពុំមានអ្នករងរបួសឡើយ។

ប៉ូលិសបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំងពីរនេះបណ្តាលមកពីកត្តាល្បឿននិងការបើកបរដោយងងុយដេក។ ​រថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលត្រពាំងជងដើម្បីចាត់ការទៅតាមនីតិវិធី៕

-->
adverise with khmeread