ពោធិ៍សាត់ ៖ ប៉ូលិសស្រុកភ្នំក្រវាញឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវគ្រួសក្រហម មុខការិយាល័យអប់រំស្រុកភ្នំក្រវាញ ក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីយប់។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការប៉ូលិសស្រុកភ្នំក្រវាញបានឱ្យដឹងថា ដោយមានការចង្អុលការពីលោកឧត្តមសេនីយ៍ទោស ថេង ស្នងការខេត្តពោធិ៍សាត់ កម្លាំងប៉ូលិសជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យាន មករា ហៅមាក់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសន្រ្ទែ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ដែលជាមុខសញ្ញារក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកអធិការបន្តថា វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់តូចទម្ងន់១.០៦ក្រាម, ទូរស័ព្ទដៃថាច់ចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីមឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1GL-4183, បារីអេឡិចត្រូនិចចំនួន០១ដើម, កូនកាបូបស្ពាយចំហៀងចំនួន០១។
ចំពោះជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងប៉ូលិសជំនាញរៀបចំនីតិវិធីបញ្ជូនទៅកាន់ផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្ត៕
