កង្វះខ្សាច់សម្រាប់ផលិតកូនដប អាចធ្វើឱ្យយឺតយ៉ាវដល់ការផលិតវ៉ាក់សាំង

ក្រុមអ្នកជំនាញបានព្រមានថាពិភពលោកកំពុងប្រឈមនឹងកង្វះខាតដីខ្សាច់ដែលកំពុងកើនឡើង ខណៈនៅសល់រ៉ែខ្សាច់និងគ្រួសតិចជាង ១.០០០ កន្លែងនៅទូទាំងសហរដ្ឋអាមេរិក។

បន្ទាប់ពីទឹក ខ្សាច់គឺជាវត្ថុធាតុដើមដែលប្រើប្រាស់ច្រើនបំផុតនៅលើពិភពលោក ដែលត្រូវបានប្រើសម្រាប់ធ្វើកញ្ចក់ បេតុង ថ្នល់ក្រាលកៅស៊ូ និងមីក្រូឈីបស៊ីលីកូន។

ឧស្សាហកម្មសំណង់តែមួយប្រើខ្សាច់រហូតដល់ ៥០ ពាន់លានតោនក្នុងមួយឆ្នាំ ហើយតម្រូវការកើនឡើងឥតឈប់ឈរ ព្រោះពិភពលោកត្រូវគេរំពឹងថាត្រូវការដបវ៉ាក់សាំងលើសពី ២ ពាន់លានក្នុងរយៈពេល ២ ឆ្នាំខាងមុខនៅពេលវ៉ាក់សាំងកូវីដ១៩ចែកចាយ។

កង្វះខាតដែលអាចនឹងកើតមាននាពេលខាងមុខអាចធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មគ្រប់យ៉ាងចាប់ពីទូរស័ព្ទទំនើបរហូតដល់អគារការិយាល័យ។

វាអាចពន្យារពេលការផលិតដបវ៉ាក់សាំងរាប់ពាន់លានដបដែលត្រូវការជាចាំបាច់ ដើម្បីចាក់វ៉ាក់សាំងការពារមេរោគកូរ៉ូណាដល់មនុស្សនៅជុំវិញពិភពលោក។

លោក Pascal Peduzzi អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុជាមួយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) បាននិយាយក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រុមប្រឹក្សា Chatham House ថា "យើងចេះតែនាំគ្នាគិតថា ខ្សាច់មាននៅគ្រប់ទីកន្លែង។ យើងមិនដែលគិតថាយើងនឹងអស់ខ្សាច់នៅថ្ងៃណាមួយនោះទេ ប៉ុន្តែវាកំពុងចាប់ផ្តើមអស់បណ្តើរៗហើយនៅកន្លែងមួយចំនួន"។

លោកបន្តថា "វាគឺអំពីការរំពឹងទុកនូវអ្វីដែលអាចកើតឡើងក្នុងមួយទសវត្សរ៍ខាងមុខ ពីព្រោះបើយើងមិនសម្លឹងមើលទៅមុខ បើយើងមិនរំពឹងទុកទេនោះ យើងនឹងមានបញ្ហាធំអំពីការផ្គត់ផ្គង់ខ្សាច់ ប៉ុន្តែក៏អំពីផែនការរៀបចំដីធ្លីផងដែរ"៕ ប្រភព ៖ Daily Mail

-->
adverise with khmeread

អ្នកនឹងចូលចិត្ត