ឧកញ៉ាម្នាក់ ទើបទិញអូប័រ នាំកូនប្រពន្ធឡើងជិះបញ្ឆេះបានមួយសន្ទុះ ផ្ទុះឆេះរបួសទាំង៣នាក់

ភ្នំពេញ ៖ ឧកញ៉ាម្នាក់ រួមនិងប្រពន្ធកូន បានរងរបួសរលាកពេញខ្លួន ដោយសារការផ្ទុះឆេះអូប័រ នៅលើទឹក បង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោងប្រមាណ២ និង២០នាទី រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅចំណុច ក្បាលជ្រោយចង្វារ មុខ ព្រះបរមរាជវាំង ក្បែរសណ្ឋាគារសុខា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

អត្តសញ្ញាណក្រុមរងគ្រោះ នៅមិនទាន់មានអ្នកហ៊ានប្រាប់ឈ្មោះនោះទេ គ្រាន់តែអ្នកនៅទីនោះប្រាប់ថា គាត់ជាឧកញ៉ា និងប្រពន្ធកូន សរុប៣នាក់ បានរងរបួសធ្ងន់ស្រាល រួចត្រូវ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយអូប័រនេះ ទើបតែទិញប៉ុណ្ណោះ។ 

ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ក្រុមរងគ្រោះជិះ រថយន្តម៉ាកហ្វ័ត ពណ៌ស ពាក់ស្លាកលេខ រដ្ឋ១០.២.៥២៩៨ សណ្តោងរ៉ឺម៉ក ដឹកអូរប័រមួយគ្រឿងធំ ដែលទើបតែទិញ យកទៅទំលាក់ចុះក្នុងទឹក ដើម្បីបើកសាកកម្សាន្ត។ ពេលនោះ ក៏មានកូនជាងរបស់ក្រុមហ៊ុនអូប័រ នៅទីនោះដែរ ដោយបង្រៀនពីរបៀបបញ្ឆេះ និងបង្ហាត់បង្ហាញមុខងារបញ្ជាអូប័រនោះ។ 

មួយសន្ទុះក្រោយមក កូនជាងនោះបានចុះពីលើអូប័រ ហើយក្រុមរងគ្រោះ បានដេរបញ្ឆេះម្ដងទៀត ដើម្បីដឹកប្រពន្ធកូន សាកកម្សាន្តលើផ្ទៃទឹកទន្លេ ប៉ុន្តែមិនបានចេញដំណើរផង ស្រាប់តែផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។ ភ្លាមៗ ក្រុមគ្រួសាររងគ្រោះ ត្រូវគេបញ្ជូនទៅសង្គ្រោះ ហើយរថយន្តពន្លត់អគ្គីភ័យ២គ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ផងដែរ៕

-->
adverise with khmeread