ភ្លើងឆេះផ្ទះល្វែងនិងរោងលក់ឈើអារ, ឆេះទាំងលុយទុកត្រៀមការកូនអស់រលីង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យបានឆាបឆេះផ្ទះល្វែងនិងរោងឈើលក់ឈើអារមួយកន្លែង​ កាលពីនៅវេលាម៉ោង១ និង៣០នាទី យប់រំលងអធ្រាត្រ​​ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ក្រុមទី០៧ ភូមិកាកាប សង្កាត់កាកាប០២ ​ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យរបួសម្ចាស់ផ្ទះបន្តិចបន្តួច។

សមត្ថកិច្ចនិយាយថា ម្ចាស់ឈ្មោះ ប៉ូ អូន ភេទស្រី អាយុ៦២ឆ្នាំ មុខរបរ​លក់ឈើអារ​។ ប្រភេទសំណង់​ ​ដែលឆេះផ្ទះលែ្វង និងរោងឈើប្រក់ស័ង្កសីទំហំ២៥ម៉ែត្រគុណនឹង៣០ម៉ែត្រ បណ្តាលឱ្យខូចខាតសម្ភារៈអស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

បើតាមសម្តីម្ចាស់ផ្ទះបានឱ្យដឹងថា រូបគាត់កំពុងតែដេកលង់លក់ ពេលដឹងខ្លួនឡើងក៏ស្រាប់តែមានភ្លើងឆាបឆេះរោងឈើរបស់គាត់យ៉ាងសន្ធោសន្ធៅ, ខណ:ពេលនោះរូបគាត់បានរត់ចេញមកខាងក្រៅនៅសល់ប្តីរបស់គាត់នៅខាងក្នុង ក៏ស្រែកឱ្យអ្នកជិតខាងជួយ គាស់កាត់សោទើបយកគាត់ចេញមកខាងក្រៅបានរងរបួសរលាកខ្នងរលាត់ស្បែកបន្តិចបន្តួច​។ 

ម្ចាស់ផ្ទះបន្តទៀតថា លុយកាក់ទុកត្រៀមការកូននៅថ្ងៃទី៨ មីនាស្អែកនេះ ប៉ុន្តែលើកថ្ងៃការ ទៅខែក្រោយ ក៏ឆេះអស់រលីងគ្មានសល់ហើយអ្វីៗក៏យកពុំទាន់ដែរ ព្រោះបានឆាបឆេះខ្លាំងពេក ហើយណាមួយពួកគាត់ចាស់ៗជរាផង​។ 

សមត្ថកិច្ចបានអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿង​ ប្រើប្រាស់ទឹកអស់​២០ឡាន​ទើប​ពន្លត់បានទាំងស្រុងនៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ​ នាថ្ងៃខែឆ្នាំដដែល ហើយចំពោះមូលហេតុកំពុងស្រាវជ្រាវ៕ 


 

-->
adverise with khmeread