បុរសម្នាក់យកកាំភ្លើងបាញ់សត្វលលកហោះចំក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ស្លាប់

ភ្នុំពេញ ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ​ស្លាប់ខណៈកំពុងឈរលេងជាមួយមិត្តភក្តិ ក៏ត្រូវគ្រាប់កាំភ្លើងបាញ់សត្វមួយគ្រាប់ចំក្រោមភ្នែកខាងឆ្វេងបៀមគ្រាប់ជាប់ ដែលគ្រាប់កាំភ្លើងនេះ បាញ់ដោយបុរសម្នាក់បានបាញ់សត្វលលកមួយក្បាលងាប់ ហើយគ្រាប់នោះហោះចំត្រូវជនរងគ្រោះ ដែលហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង​៥ និង៣០នាទីល្ងាច ស្ថិតនៅចំណុចវាលស្រែ ភូមិលិចវត្ត សង្កាត់- ខណ្ឌកំបូល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ សារឿន ប៊ុនថា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹម សង្កាត់កំបូល ខណ្ឌកំបូល។

បើតាមសម្តីរបស់មិត្តភក្តិជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នា៤នាក់មកឈរលេងនៅចំណុចខាងលើ, លុះក្រោយមកគេឃើញបុរស២នាក់ជិះរថយន្តមួយគ្រឿង ម៉ាក REXTON ពណ៌ស ពាក់ស្លាកលេខ ខ.ម-0282  ចូលទៅកាន់ទីតាំងកើតហេតុ។ លុះមួយសន្ទុះក្រោយមកក៏ឮសំឡេងកាំភ្លើង១គ្រាប់ ស្រាប់តែត្រូវចំជនរងគ្រោះដួលតែម្តង។ ពេលនោះពួកគេក៏ឱនចុះហើយក៏ឮសំឡេងបាញ់មក៣គ្រាប់បន្ថែមទៀត ហើយនៅកន្លែងកើតហេតុឃើញសត្វលលកមួយក្បាលងាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ជិះរថយន្តមួយគ្រឿង REXTON ពណ៌ស ពាក់ស្លាកលេខ ខ.ម-0282 រកឃើញកាំភ្លើងបាញ់សត្វខ្យល់មួយដើម ​និងសត្វលលកងាប់មួយក្បាល។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បង្ហាញពីអត្តសញ្ញាណជនសង្ស័យទាំង២នាក់នៅឡើយ។

បច្ចុប្បន្នបុរស២នាក់ខាងលើ ត្រូវបានប៉ូលិសនាំខ្លួនយកមកសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕


 

-->
adverise with khmeread