យកពូថៅកាប់លើគូទំនាស់បណ្តាលឱ្យរបួសធ្ងន់ត្រូវប៉ូលិសស្រុកវាលវែងឃាត់ខ្លួន

ពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកវាលវែង ឃាត់ខ្លួនពីបទប្រើហិង្សាមានស្ថានទម្ងន់ទោសយកពូថៅកាប់លើគូទំនាស់បណ្តាលឱ្យរបួសធ្ងន់ កើតឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ និង៤៥នាទីយប់នៅចំណុចអូរតាទិន ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

ប៉ូលិសនិយាយថា អំពើហិង្សាខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សល់ វ៉ាន់ថន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិសំឡាញ់លើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

ប៉ូលិសបន្តថា ដំបូងជនសង្ស័យឈ្មោះ សល់ វ៉ាន់ថន បានឈ្លោះប្រកែកជាមួយគ្នាឡើងតឹងមាត់តឹងកធ្វើឱ្យជនសង្ស័យទ្រាំមិនបានក៏ស្ទុះទៅយកពូថៅកាប់លើជនរងគ្រោះឈ្មោះ ជឿន ចេន ភេទប្រុស អាយុ​៣៩​ឆ្នាំ រស់នៅភូមិឃុំខាងលើ បណ្តាលឱ្យរងរបួសធ្ងន់។ ដោយឃើញជនរងគ្រោះមានរបួសធ្ងន់ធ្ងរក្រុមគ្រួសារបានបញ្ជូនទៅ​សម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្តពោធិ៍សាត់។

ប៉ូលិសបន្តទៀតថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះសល់ វ៉ាន់ថន ធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះ។ ក្រោយពីទទួលបណ្តឹងរួចប៉ូលិសបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកវាលវែង ដើម្បីចាត់ការតាមនីតិវិធី៕

-->
adverise with khmeread