រថភ្លើងរអិលធ្លាក់ផ្លូវនៅប៉ាគីស្ថាន ស្លាប់ ១ របួស ៤០ នាក់

ក្រុមមន្រ្តីបាននិយាយថា បារ៉ុងចំនួន ៨ របស់រថភ្លើងបានរអិលធ្លាក់ផ្លូវនៅភាគខាងត្បូងប្រទេសប៉ាគីស្ថានកាលពីព្រឹកថ្ងៃអាទិត្យទី៧មីនា ដោយសម្លាប់អ្នកដំណើរម្នាក់ និង ៤០ នាក់ផ្សេងទៀតរងរបួស។

មន្រ្តីផ្លូវដែកលោក Kamran Lashari បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងរវាងស្ថានីយ Rohri និងស្ថានីយ Sangi នៅខេត្ត Sindh ភាគខាងត្បូងហើយបណ្តាលឱ្យមានការផ្អាកចរាចរណ៍ផ្លូវដែកជាបណ្តោះអាសន្ននៅក្នុងទិសដៅទាំងពីរ។

គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យមានការរអិលធ្លាក់ផ្លូវនោះទេ។

គ្រោះថ្នាក់រថភ្លើងជារឿងធម្មតានៅក្នុងប្រទេសប៉ាគីស្ថានកន្លែងដែលរដ្ឋាភិបាលជាបន្តបន្ទាប់មិនសូវយកចិត្តទុកដាក់ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសញ្ញាអាសន្ន ដែលថែមិនបានល្អ និង ផ្លូវដែលចាស់ជរា។

លោក Lashari និយាយថា បារ៉ុងចំនួន ៨ ក្នុងចំណោមបារ៉ុងចំនួន ១៨ ដែលចាកចេញពីទីក្រុង Karachi ទៅកាន់ទីក្រុង Lahore ភាគខាងកើតប្រទេស បានរអិលធ្លាក់ផ្លូវ ហើយ ៦ បារ៉ុងបានធ្លាក់ចូលប្រឡាយរាក់ៗ។

មន្ត្រីជួយសង្គ្រោះលោក Muhammad Muhammad Arshad បាននិយាយថាភាពងងឹតនិងទីតាំងដាច់ស្រយាលនៅកន្លែងកើតហេតុ បានរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

លោកនិយាយថា សាកសពស្ត្រីដែលស្លាប់និងអ្នកដំណើររបួស ៤០​ នាក់ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងក្បែរៗនោះ៕

-->
adverise with khmeread