កម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ត្រូវបាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនទៅតុលាការនាថ្ងៃទី៨ មិនា ឆ្នាំ២០២១នេះ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទទៅតុលាការ បន្ទាប់ពីកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួននៅចំណុចផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យទាំង០២នាក់រួមមាន ១-ឈ្មោះ ថា ប៊ុនថង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង២-ឈ្មោះ ប្រាក់ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា ផ្លូវលំ ក្រុមទី០៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្ត្រីងាវុធហត្ថបន្តថា នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌទួលគោកបានចេញល្បាតដើម្បីបង្ការ បង្ក្រាប បទល្មើសនៅក្នុងភូមិសាស្រ្តរបស់ខ្លួន។ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យទាំង០២នាក់ កំពុងជិះម៉ូតូយ៉ាងលឿន ដោយមានការសង្ស័យកម្លាំងល្បាតក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់យកមកសួរនាំនៅមូលដ្ឋានអាវុធហត្ថខណ្ឌ។ 

ក្រោយពេលសាកសួរជនសង្ស័យទាំង០២នាក់បានសារភាពឱ្យដឹងថា ពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងបានសម្រេច នៅម្ដុំគល់ស្ពានស្ទឹងមានជ័យ ហើយក៏មានគេដេញតាមពីក្រោយទើបពួកគេជិះគេចខ្លួនដល់ចំណុចកើតហេតុក៏ត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង០២ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនិតិវិធីច្បាប់៕


 

-->
adverise with khmeread