បុរសម្នាក់ស្រវឹងស្រាជោកបើករថយន្តបុករះបង្គោលចរាចរណ៍បាក់អស់៦ដើមរួចធ្លាក់ចូលប្រឡាយទឹក

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងលឿនពេកជ្រុលទៅបុករះបង្គោលចរាចរណ៍បាក់អស់៦ដើម ហើយរថយន្តវិលមួយជុំធ្លាក់ចូលប្រឡាយ តែសំណាងល្អម្ចាស់រថយន្តមិនមានរបួស ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៩ ខែមិនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ៥០ម៉ែត្រជិតស្តុបបាគូ ប្រមាណ២០០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាកតូយូតាព្រូស ពណ៌ក្រហម ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ 2BD-5098 បើកដោយបុរសម្នាក់មិនទាន់ស្គាល់ឈ្មោះ។ ដំបូងគេឃើញបុរសម្នាក់ខាងលើដែលស្រវឹងស្រាជោកបើករថយន្តតូយូតាព្រូសធ្វើដំណើរ តាមបណ្តោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើតយ៉ាងលឿន។

ខណៈមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹតនិងស្ថានភាពផ្លូវកោងផងនោះបានជ្រុលទៅបុករះបង្គោលឡាក់ បណ្ដាលឱ្យបាក់ចំនួន៦ដើម ហើយរថយន្តបានវិលមួយជុំធ្លាក់ចូលប្រឡាយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមានរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុបានទាកទងជំនាញខណ្ឌ មកវាស់វែងយករថយន្តបង្កយករក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌដង្កោរង់ចាំដោះស្រាយនៅពេលក្រោយ៕

-->
adverise with khmeread